ក្រុមហ៊ុន Panasonic ទើបតែបានបញ្ចេញម៉ាស៊ីនកុំព្យូទ័រដែកថែបស៊េរីថ្មីរបស់ខ្លួនម៉ូដែល TOUGHBOOK 40 Mk2។ ម៉ាស៊ីន Laptop ស៊េរីថ្មីនេះ គឺផលិតឡើងយ៉ាងពិសេសដោយផ្តោតសំខាន់ទៅលើភាពធន់រឹងមាំខ្លាំង និងអាចប្រើប្រាស់បាននៅគ្រប់ស្ថានភាពអាកាសធាតុ និងនៅគ្រប់ទីកន្លែងទាំងអស់។ Panasonic TOUGHBOOK 40 Mk2 បានបំពាក់មកជាមួយបន្ទះឈីបខួរក្បាលម៉ាស៊ីន ឬអង្គស៊ីភីយូរបស់ Intel ក្នុងជំនាន់ Meteor Lake ស៊េរី Core-Ultra Processor។
កំលាំងម៉ាស៊ីនរបស់ Panasonic TOUGHBOOK 40 Mk2 មានពីរជម្រើស គឺជម្រើសប្រើស៊ីភីយូស៊េរី Intel-core Ultra 5-135H ដែលមាន 4-Perfomance core CPU និង 8-Effeciency core CPU ដែលរត់បានក្នុងល្បឿន 4.6GHz និងជម្រើស Intel-core Ultra 7-165H ដែលមាន 6-Perfomance core CPU និង 8-Effeciency core CPU អាចរត់បានល្បឿនដល់ 5.0GHz។ Laptop កំពូលរឹងមាំរបស់ Panasonic មួយនេះបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LCD Touchscreen Panel ដែលគាំទ្រកម្រិតបង្ហាញ Full-HD ជាមួយការបង្កើនកម្រិតពន្លឺខ្ពស់ជាងជំនាន់មុនឡើងដល់ 1,200nits ដែលល្អបំផុតសម្រាប់ការប្រើប្រាស់នៅខាងក្រៅ។
សម្រាប់ប្រព័ន្ធតភ្ជាប់បណ្តាញ Internet អត់ខ្សែវិញ Panasonic TOUGHBOOK 40 Mk2 ប្រើប្រាស់នូវបច្ចេកវិទ្យា Intel BE200 Wi-Fi 7 network card ដែលផ្តល់ឲ្យការតភ្ជាប់ប្រព័ន្ធបណ្តាញប្រកបដោយស្ថិរភាព និងល្បឿនលឿនរហ័ស។ ជាងនេះទៅទៀត Laptop មួយនេះ ក៏អាចប្រើប្រាស់ប្រព័ន្ធស៊ីមកាតបានផងដែរ ដោយគាំទ្រការជាមួយប្រព័ន្ធសេវា 4G និង 5G ហើយក៏អាចប្រើប្រាស់ជាមួយស៊ីមកាតប្រភេទ eSIM បានថែមទៀតផង។ សម្រាប់ភាពធន់រឹងមាំក្នុងការប្រើប្រាស់របស់ TOUGHBOOK 40 Mk2 គឺបានទទួលស្គាល់នូវស្តង់ដារភាពធន់កម្រិតយោធាអាមេរិក MIL-STD-810H និង MIL-STD-461H។ TOUGHBOOK 40 Mk2 ក៏មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP66 ហើយក៏ធន់នៅសីតុណ្ហភាពចាប់ពី -29 ដល់ 63 អង្សាសេផងដែរ។
ដោយសារតែ Panasonic TOUGHBOOK 40 Mk2 ជាម៉ាស៊ីន Laptop ដែលផលិតឡើងផ្តោតទៅលើភាពធន់ខ្លាំងបំផុត ដូចនេះកម្រាស់ និងទម្ងន់របស់ Laptop នេះក៏ក្រាស់ និងធ្ងន់គួរខ្លាំងបន្តិចដែរ ដោយមានកម្រាស់សរុប 54.4mm និងទំងន់ 3.35kg។ សម្រាប់ថ្មដែលប្រើក្នុង Laptop ស៊េរីថ្មីនេះ គឺមានទំហំ 68Wh គាំទ្រជាមួយប្រព័ន្ធស្តង់ដារ Mobile Mark 25 ដែលជួយឲ្យថាមពលថ្មរបស់វាមានលទ្ធភាពអាចកាន់បានដល់ 12 ម៉ោងនៅពេលសាកភ្លើងមួយពេញម្តង។ លើសពីនេះទៅទៀតថា ក៏អាចភ្ជាប់ថ្មបន្ថែមផងដែរ។
Panasonic ក៏ផ្តល់នូវជម្រើសពិសេសសម្រាប់ម៉ាស៊ីន Laptop ថ្មីរបស់ខ្លួនផងដែរ ដូចជាអ្នកប្រើប្រាស់អាចដាក់បន្ថែមអង្គផ្ទុកទិន្នន័យបានជាមួយរន្ធគាំទ្រប្រភេទ NVMe SSD, រន្ធសម្រាប់ដាក់ smart card reader, ថតចាក់ DVD/Blu-ray drive, កន្លែងដាក់បន្ថែមថ្ម, ប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាព fingerprint unlocking sensor, និងរន្ធ RFID card reader ជាដើម។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ TOUGHBOOK 40 Mk2 ក្រុមហ៊ុន Panasonic មិនទាន់បានប្រកាសឲ្យដឹងនៅឡើយទេ៕