មកដល់ថ្ងៃនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា បាននឹងកំពុងតែត្រៀមខ្លួនរៀបចំនូវការប្រកាសចេញនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ 2024 ខាងមុខនេះហើយ។ រថយន្តនេះ គឺមានការប្រើប្រាស់នូវឈ្មោះ MS11 ដែលបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន Bluetooth Technology Alliance SIG certification ដែលមានការបញ្ជាក់នូវព័ត៌មានពីការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗនេះជាច្រើនថែមទៀតផង។ នៅលើបញ្ជីនេះ មានការបង្ហាញថា រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺមានចំនួន 6 ម៉ូដែលផ្សេងគ្នា ដែលមានលេខម៉ូដែលដូចជា IC4034-BD, IC4004-BD, IC4024-BD, IC4054-BD, IC4005-BD និង IC4015-BD។
នៅលើបញ្ជីនេះបានបន្តទៀតថា រថយន្តថ្មីនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា Bluetooth 5.2 រួមជាមួយនិងមុខងារ USB Media functionalities ថែមទៀតផង។ អ្វីដែលចាប់អារម្មណ៌នោះ គឺនៅលើរថយន្តអគ្គិសនីថ្មីនេះ មានការបំពាក់នូវមុខងារ Apple CarPlay ដែលអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ទូរស័ព្ទ iPhone របស់ខ្លួន ដើម្បីបង្ហាញព័ត៌មាននានានៅលើអេក្រង់របស់រថយន្តនេះបាន។ ជាពិសេស គឹផ្តល់នូវមុខងារថ្មីៗសម្រាប់អ្នកប្រើប្រាស់ធ្វើការនៅលើអេក្រង់របស់រថយន្តបានដោយរលូនតែម្តង ដោយមិនចាំបាច់កាន់ទូរស័ព្ទបញ្ជាដូចមុនៗនោះទេ។
ជាក់ស្តែងដូចជាការ ហៅទូរស័ព្ទចេញចូលជាដើម ក្នុងនោះអ្នកប្រើប្រាស់អាចសន្ទនាគ្នាបានដោយមិនចាំបាច់បារម្ភទៀតឡើយ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ ក៏អាចប្រើនៅមុខងារ Siri voice assistant នៅពេលដែលស្មាតហ្វូនរបស់ខ្លួនភ្ជាប់ជាមួយនិងមុខងារ CarPlay បានផងដែរ ដោយផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ system hands-free។
បន្ថែមពីនេះ នៅលើវិញ្ញាបនបត្រនេះ ក៏មានការបញ្ជាក់ផងដែរថា នៅលើរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Xiaomi នេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Automotive ដែលមានលេខ Snapdragon 8295 ទៀតផង ដោយបន្ទះឈីបនេះ ត្រូវបានគេនិយាយថា គឺមានសមត្ថភាពខ្ពស់ជាងមុន 8 ដង ប្រៀបធៀបជាមួយនិងបន្ទះឈីប Snapdragon 8155។ មួយវិញទៀតនៅលើរថយន្តអគ្គិសនីដំបូងរបស់ Xiaomi មួយនេះ ក៏មានការប្រើប្រាស់នូវថាមពលអាគុយកម្លាំង 101 kWh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 800 V high voltage fast charging ថែមទៀតផង។ Xiaomi Car ថ្មីៗនេះ អាចនឹងមានតម្លៃ 260,000 យ៉ន់ ទៅ 350,000 យ៉ន់ ដែលប្រហាក់ប្រហែល 36,400 ដុល្លារ ដល់ 49,000 ដុល្លារ។