ស្វែងរកពួកយើង:

Loading Ad...

Apple កំពុងពិចារណាក្នុងការផ្លាស់ប្តូរគម្រោងមួយចំនួន ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនឲ្យទាន់ការកំណត់

ដោយ

Koun Jab Luffy

25 មករា 2024 12:13 ថ្ងៃត្រង់

អាន 3 នាទី

Article image
ដូចដែលយើងធ្លាប់បានដឹង បានលឺកន្លងមកហើយថា Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏មានអានុភាពក្នុងទីផ្សាស្មាតហ្វូនពិភពលោក បានចាប់ផ្តើមក្នុងការស្រាវជា្រង និងអភិវឌ្ឍន៍ទៅលើគម្រោងការមួយដែលមានឈ្មោះថា (Project Titan ឬ គម្រោងដ៏មហិមា)។ ដោយ Project Titan ត្រូវបានគេដឹងថាជាគម្រោងផលិតរថយន្តអគ្គិសនី Apple Car electronic បំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិទាំងស្រុង ដោយមិនត្រូវការជំនួយពីមនុស្ស ដោយវាដំណើរការដូចទៅនឹងមនុស្សយន្តតែម្តង។
បើតាមសេចក្តីរាយការណ៍ Apple បានចាប់ផ្តើមគម្រោង Project Titan របស់ខ្លួនអស់រយះពេលមួយទសវត្សរ៍មកហើយ ដោយបានចំនាយធនធានប្រមាណ 1 ពាន់លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញគម្រោងការនេះត្រូវបានបែកធ្លាយនៅរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយប្រភពខ្លះក៏បានបញ្ជាក់ថា Apple ទំនងជានឹងបញ្ចប់ដំណើរការគម្រោងការនេះ ព្រោះថាវាមានការចំនាយទុនវិនិយោគច្រើន ហើយសង្វាក់នៃការអភិវឌ្ឍន៍ផលិតបច្ចេកវិទ្យារថយន្តដែលមានសមត្ថភាពបើកបរដោយខ្លួនឯងដោយមិនត្រូវការជំនួយពីមនុស្ស គឺមានភាពស្មុគស្មាញ និងមានបញ្ហាប្រឈមច្រើនផងដែរ។ ដោយឡែកក៏មានរបាយការណ៍ផ្សេងទៀតបាននិយាយថា Apple នឹងមិនបោះបង់ចោលគម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួនឡើយ ផ្ទុយទៅវិញក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino មួយនេះ បាននឹងសង្ងំអភិវឌ្ឍន៍ផលិតបច្ចេកវិទ្យារថយន្តរបស់ខ្លួន ប៉ុន្តែ មានការកែប្រែលើគម្រោងការមួយចំនួនប៉ុណ្ណោះ។
Article image
បើតាមសេចក្តីរាយការព័ត៌មានចេញពីបណ្តាញ Bloomberg បាននិយាយថា ខណៈពេលនេះ Apple បាននឹងកំពុងដំណើរការលើសង្វាក់អភិវឌ្ឃន៍បច្ចេកវិទ្យារថយន្ត Apple Car របស់ខ្លួន ព្រមទាំងបានជួលអ្នកជំនាញដែលមានទេពកោសល្យកំពូលៗផ្នែករថយន្ត រួមនឹងអតិតបុគ្គលិកក្រុមហ៊ុន Tesla ផងដែរ សម្រាប់ជួយជ្រំជ្រែងដល់ដំណើរការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន។យ៉ាងណាមិញសម្រាប់គម្រោងក្នុងការផលិតរថយន្តអគ្គិសនី Self-Driving ដែលគ្មានជំនួយពីមនុស្សរបស់ Apple គឺមិនទាន់អាចធ្វើទៅបាននោះទេ ដោយក្រុមហ៊ុននឹងប្តូរមកការផលិតប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដោយមានជំនួយពីមនុស្សនៅពេលបើកបរនៅលើផ្លូវហាយវ៉េវិញ។ ហើយក្រុមហ៊ុនចង់ទុកពេលដើម្បីធ្វើការអភិវឌ្ឃន៍បច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិពេញលិញជាដំណាក់កាលៗវិញម្តង នេះបើតាមការរាយការណ៍ពីបណ្តាញ Bloomberg។
ថ្មីៗនេះ បើតាមប្រភពព័ត៌មានដែលជិតស្និតនៅក្រុមហ៊ុន Apple បាននិយាយថា Apple គ្រោងដាក់បង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន Apple Car នៅក្នុងឆ្នាំ 2028 ដែលផ្ទុយពីរបាយការណ៍នាពេលកន្លងមកដែលបានរាយការណ៍ថា នឹងមកដល់នៅឆ្នាំ 2026។ ទោះជាយ៉ាងណា ការចូលខ្លួនប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ Apple ត្រូវបានគេមើលឃើ់ញថាហាក់មានភាពចង្អៀតបន្តិច ដោយសារតែបច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារមួយនេះ ម្យ៉ាងទៀតក្រុមហ៊ុនផលិតទូរស័ព្ទដូចជា Huawei, Xiaomi និង Sony ជាដើម សុទ្ធតែមានរថយន្តសម្រាប់ដាក់ប្រកូតប្រជែងនៅលើទីផ្សាររួចហើយ។ អីចឹងចាំមើលថា តើការបញ្ច្រៀតខ្លួនចូលក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ Apple តើទទួលបានការគាំទ្រដោយផលិតផលទូរស័ព្ទ iPhones និងកុំព្យូទ័រ Macs ឬយ៉ាងណា៕
Apple កំពុងពិចារណាក្នុងការផ្លាស់ប្តូរគម្រោងមួយចំនួន ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនឲ្យទាន់ការកំណត់