កាលពីសប្តាហ៍មុននេះថា ព័តមានមួយចំនួនបានបង្ហាញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy S9 នឹងមានការផ្លាស់ប្តូរច្រើន នេះបើតាមប្រភពពីអ្នកទម្លាយព័ត៌មាន ដែលតាមដានទៅលើព័ត៌មានរបស់ក្រុមហ៊ុន Samsung។ ថ្ងៃនេះ មានរូបភាពនៃការរចនារូបរាង CAD របស់ស្មាតហ្វូន Galaxy S9 ត្រូវបានទម្លាយឱ្យឃើញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ស្មាតហ្វូននេះនឹងដើរតាមគន្លងរបស់ស្មាតហ្វូន Galaxy Note 8 ជាមួយនឹងការបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ប៉ុន្តែសេនស័រស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយនឹងមានការផ្លាស់ប្តូរផងដែរ។
ប្រសិនបើប្រភពនៃរូបភាពនេះ អាចទុកចិត្តបានមែននោះ មានន័យថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវកាមេរ៉ាបញ្ឈរ ដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមកាមេរ៉ានេះ ហើយនៅចំចំណុចកណ្តាលនៃស្មាតហ្វូននេះតែម្តង។ ក្រៅពីការផ្លាស់ប្តូរទៅលើផ្នែកខាងក្រោយហើយ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកញ្ចក់អេក្រង់ Infinity Display នៅផ្នែកខាងមុខដែលមានជ្រុងគែមកោង ហើយនឹងមានស៊ុមព័ទ្ធអេក្រង់ស្តើងដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 អញ្ចឹងដែរ។
មើលទៅលើរូបភាព និងការអះអាងមួយចំនួន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺនៅមិនទាន់អាចប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នៅលើស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មីនេះ បានបានទេ។ ហេតុដូច្នេះ អនាគតបស់ស្មាតហ្វូន Galaxy S9 ពិតជាមានភាពច្នៃប្រឌិតចេញពីស្មាតហ្វូន Galaxy Note ដូចជាការប្រើប្រាស់ប៊ិក Stylus ជាដើម។ តើលោកអ្នកគិតដូចម្តេចដែរ?