តាមពិតទៅ ហ្វាប់ប្លេត Galaxy Note 7 របស់ក្រុមហ៊ុន Samsung គ្រោងនឹងធ្វើការប្រកាសបង្ហាញខ្លួននៅទ្វីបអ៊ឺរ៉ុបតាំងពីថ្ងៃទី 2 ខែកញ្ញាមកម្ល៉េះ ប៉ុន្តែចំថ្ងៃនៃការប្រកាសដាក់លក់នោះ ក្រុមហ៊ុន Samsung បានប្រកាសប្រមូលនូវហ្វាប់ប្លេតត្រលប់មកវិញនៅទូទាំងពិភពលោកដោយព្រួយបារម្ភទៅលើហានិភ័យនៃបញ្ហាថ្មដែលអាចបណ្តាលឱ្យផ្ទុះបាន។ ការប្រមូលមកវិញនូវហ្វាប់ប្លេតនៅក្នុងតំបន់នេះគឺមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុន Samsung ដោយសារតែនៅតំបន់ទាំងនេះកំពុងស្ថិតនៅក្នុងការកម្មង់ទិញនៅឡើយ ហើយមិនទាន់បានទទួលហ្វាប់ប្លេតដែលមានបញ្ហាថ្មនោះទេ។ ពេលនេះ ការផ្លាស់ប្តូរកាលបរិច្ឆេទបានសម្រេចយកថ្ងៃទី 28 ខែតុលាដែលហ្វាប់ប្លេត Galaxy Note 7 នឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនេះដែលស្តុកទាំងអស់សុទ្ធតែបានផ្លាស់ប្តូរថ្មអស់រួចរាល់ហើយ។
ទន្ទឹមនឹងការប្រកាសអំពីកាលបរិច្ឆេទនៃការសម្ភោធហ្វាប់ប្លេត Galaxy Note 7 នៅទ្វីបអ៊ឺរ៉ុប ក្រុមហ៊ុន Samsung បានផ្តល់ជូននូវព័ត៌មានអាប់ឌែតជាច្រើនដែលពាក់ព័ន្ធទៅនឹងការប្រកាសប្រមូលត្រលប់មកវិញផងដែរនៅថ្ងៃនេះ។ នៅក្នុងទ្វីបអ៊ឺរ៉ុប ហ្វាប់ប្លេតប្រហែលជា 57% ត្រូវបានអតិថិជនប្រើប្រាស់មុនពេលដែលមានកម្មវិធីផ្លាស់ប្តូរចាប់ផ្តើមរយៈពេលមួយសប្តាហ៍ក្រោយមក ហើយក្រុមហ៊ុន Samsung ជឿជាក់ថា ហ្វាប់ប្លេតដែលមានបញ្ហានៅតែមានហើយត្រូវធ្វើការប្រមូលមកវិញឱ្យអស់នៅដើមខែតុលាខាងមុខនេះ។ នៅក្នុងសហរដ្ឋអាមេរិច ហ្វាប់ប្លេតច្រើនជាង 60% កំពុងតែត្រូវបានតាមដាននឹងបានឱ្យដឹងថាជំហាននៃការលក់ហ្វាប់ប្លេតនេះតាំងពីថ្ងៃទី 19 ខែសីហាមានល្បឿនយឺតនៅឡើយ។
ចំនែកនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ ហ្វាប់ប្លេតប្រហែលជា 60% ដែលបានដាក់លក់នៅក្នុងប្រទេសនេះត្រូវបានផ្លាស់ប្តូរថ្មីផងដែរ ហើយជនជាតិសិង្ហបុរីដែលប្រើប្រាស់នូវហ្វាប់ប្លេតនេះជាង 80% ក៏បានប្រមូលត្រលប់មកវិញផងដែរ។ ជាលទ្ធផលនៃការប្រមូលហ្វាប់ប្លេតត្រលប់មកវិញជាបន្ទាន់នៅទូទាំងពិភពលោកនេះ ក្រុមហ៊ុន Samsung បានខាតបង់នូវទឹកប្រាក់ជាច្រើនពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សារ ប៉ុន្តែអតិថិជននៅតែគាំទ្រនឹងចង់ប្រើប្រាស់នូវហ្វាប់ប្លេត Note 7 ដោយភាពសប្បាយរីករាយ។ សរុបមក អតិថិជនជាង 90% បានជ្រើសរើសនូវជម្រើសនៃការផ្លាស់ប្តូរហ្វាប់ប្លេតថ្មី (Galaxy Note 7 ដែលបានផ្លាស់ប្តូរថ្ម) ជាជាងការបង្វិលប្រាក់សងមកវិញ ៕