កាលពីសប្តាហ៍មុននេះ យើងបានប្រាប់លោកអ្នកថាក្រុមហ៊ុន Samsung ប្រហែលជាមានគម្រោងថ្មីៗសម្រាប់អតិថិជនដែលគាំទ្រនូវហ្វាប់ប្លេត Galaxy Note 7 របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយផ្តល់នូវកម្មវិធីបញ្ចុះតម្លៃសម្រាប់ពួកគេនៅពេលដែលទិញទូរស័ព្ទស៊េរីថ្មី Galaxy S8 និង Galaxy Note 8 ។ នៅពេលនេះ យើងនៅមិនទាន់ដឹងថាតើ គម្រោងនេះនឹងដំណើរការបែបណានោះទេ ប៉ុន្តែក្រុមហ៊ុណ Samsung ទើបតែប្រកាសនៅកម្មវិធីថ្មីមួយទៀតសម្រាប់អតិថិជនរបស់ Note 7 នៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ដោយផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដំណើរការមួយនេះ។
សម្រាប់លោកអ្នកដែលបានទិញនូវហ្វាប់ប្លេត Samsung Galaxy Note 7 នៅក្នុងប្រទេសកូរ៉េខាងត្បូង អាចធ្វើការផ្លាស់ប្តូរទូរស័ព្ទរបស់ពួកគេជាមួយនឹងទូរស័ព្ទ Galaxy S7 ឬ Galaxy S7 Edge ហើយពួកគេមានឱកាសក្នុងការផ្លាស់ប្តូរទៅទូរស័ព្ទ Galaxy S8 ឬ Galaxy Note 8 ថែមទៀតនៅឆ្នាំក្រោយនេះ។ ការផ្លាស់ប្តូរនេះមិនមែនឥតគិតថ្លៃនោះទេ។ អតិថិជននឹងត្រូវចំណាយទឹកប្រាក់ពាក់កណ្តាលនៃតម្លៃរបស់ទូរស័ព្ទ Galaxy S7 ឬ Galaxy S7 Edge របស់ពួកគេ (អាស្រ័យទៅលើទូរស័ព្ទដែលអ្នកជំនួសពី Note 7 របស់អ្នក) ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ វាក៏មានកម្មវិធីមួយឈ្មោះថា Galaxy Upgrade Program របស់ក្រុមហ៊ុន Samsung សម្រាប់ធ្វើការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនរបស់ខ្លួនផងដែរ។
ព័ត៌មានលម្អិតមួយដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុន Samsung បានធ្វើការប្រកាសជាប្រយោលថា វាពិតជានឹងមានហ្វាប់ប្លេត Galaxy Note 8 ។ បន្ទាប់ពីក្រុមហ៊ុន Samsung បានប្រកាសនូវការប្រមូលជាលើកទីពីរសម្រាប់ហ្វាប់ប្លេត Galaxy Note 7 ពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះប្រហែលជាបញ្ចប់នូវការផលិតនូវហ្វាប់ប្លេតត្រកូល Note ផងដែរ។ ប៉ុន្តែព័ត៌មាននេះមិនមានការបញ្ជាក់អ្វីផ្សេងទៀតនោះទេ។
នៅខណៈពេលនេះ វានៅមិនទាន់ដឹងច្បាស់នោះទេថា ប្រសិនបើក្រុមហ៊ុនមានគម្រោងផ្លាស់ប្តូរនូវកម្មវិធីថ្មីនេះពិតមែន តើប្រទេសណាខ្លះដែលទទួលបានកម្មវិធីនេះក្រៅពីប្រទេសកូរ៉េខាងត្បូងនោះ? តើលោកអ្នកគិតថាអតិថិជនសប្បាយចិត្តឬទេ ប្រសិនបើក្រុមហ៊ុន Samsung ឈប់ផលិតនូវហ្វាប់ប្លេតត្រកូល Samsung Galaxy Note នោះ?