នៅពេលនេះវាត្រូវបានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងតែតស៊ូយ៉ាងខ្លាំងក្នុងការប្រមូលនូវហ្វាប់ប្លេត Galaxy Note 7 ជាលើកទី 2 ហើយក្រុមហ៊ុននេះនៅតែជម្រុញឱ្យអតិថិជនដែលបានជាវនូវហ្វាប់ប្លេត Note 7 របស់ខ្លួនត្រូវបញ្ចូនមកកាន់ក្រុមហ៊ុនវិញ។ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះបានខិតខំបង្កើតនូវកម្មវិធីលើកទឹកចិត្តជាច្រើននៅក្នុងប្រទេសជាច្រើននៅក្នុងការប្រកាសប្រមូលនូវហ្វាប់ប្លេត Galaxy Note 7 លើកទីមួយក៏ដោយ ក៏អតិថិជនជាច្រើននៅតែភិតភ័យខ្លាចជួបប្រទះរឿងរ៉ាវដូចគ្នាទៅនឹងទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលពួកគេបានផ្លាស់ប្តូររួច។យ៉ាងណាមិញ សម្រាប់អតិថិជនដែលស្មោះត្រង់ជាមួយនឹងក្រុមហ៊ុន Samsung មិនព្រមប្រគល់នូវហ្វាប់ប្លេត Galaxy Note 7 ត្រលប់មកកាន់ក្រុមហ៊ុនវិញទេ ទើបក្រុមហ៊ុន Samsung បានរកវិធីជាច្រើនដើម្បីធ្វើការបញ្ឈប់នូវការប្រើប្រាស់ Note 7 របស់អតិថិជនរបស់ខ្លួនដោយធ្វើការអាប់ឌែតទៅលើកម្មវិធីថ្មីដែលការបញ្ជូលថ្មបានត្រឹមតែខ្ពស់បំផុតគឺ 60% ប៉ុណ្ណោះ។
បន្ទាប់ពីបញ្ហាជាច្រើនបានកើតឡើងទៅលើហ្វាប់ប្លេត Galaxy Note 7 លោកអ្នកអាចគិតថាអតិថិជនជាច្រើនដែលបានទិញទូរស័ព្ទមួយនេះអាចនឹងងាកលែងគាំទ្រនូវទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលជាម៉ាកយីហោដែលពួកគេពេញចិត្តយ៉ាងខ្លាំង។ ជាក់ស្តែង អតិថិជនជាច្រើនបានសម្រេចចិត្តងាកទៅជ្រើសរើសប្រើប្រាស់នូវទូរស័ព្ទស៊េរីថ្មី iPhone 7 របស់ក្រុមហ៊ុន Apple ទូរស័ព្ទ LG V20 របស់ក្រុមហ៊ុន LG ឬទូរស័ព្ទ Pixel XL របស់ក្រុមហ៊ុន Google ។ យ៉ាងណាមិញ អតិថិជនជាច្រើនដែលគាំទ្រហ្វាប់ប្លេត Galaxy Note 7 នៅតែរក្សានូវភាពស្មោះត្រង់ភក្តីភាពជានិច្ចជាមួយនឹងក្រុមហ៊ុន Samsung ។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន BayStreet បានបញ្ជាក់ថា អ្នកគាំទ្រមួយចំនួនធំដែលបានជាវនូវហ្វាប់ប្លេត Galaxy Note 7 នៅតែមានភក្តីភាពជាមួយនឹងក្រុមហ៊ុន Samsung ហើយពួកគេនៅតែជ្រើសរើសនូវការជំនួសនូវហ្វាប់ប្លេតនេះជាមួយនឹងទូរស័ព្ទ Galaxy S7 ឬ S7 Edge ។
យើងជឿជាក់ថា អតិថិជនមួយចំនួនធំ (70%) នៅតែរក្សាភក្តីភាពជាមួយនឹងក្រុមហ៊ុន Samsung ហើយពួកគេសម្រេចចិត្តជ្រើសរើសនូវជម្រើសនូវការផ្លាស់ប្តូរជាមួយនឹងទូរស័ព្ទ Galaxy S7 ។ រឿងទីពីរនោះគឺថាចំនួនអ្នកដែលសម្រេចចិត្តធ្វើការផ្លាស់ប្តូរនៅតែងាកទៅប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ដដែល។ សម្រាប់អតិថិជនផ្សេងទៀតបានងាកទៅប្រើប្រាស់នូវទូរស័ព្ទស៊េរីថ្មីដូចជាទូរស័ព្ទ iPhone ជាដើម។ យ៉ាងណាមិញ អតិថិជនភាគច្រើននៅតែរក្សាភក្តីភាពស្មោះត្រង់ខ្លាំងចំពោះក្រុមហ៊ុននេះដដែល។
បើយោងតាមប្រភពពី BayStreet បានឱ្យដឹងថា មានតែ 15% ប៉ុណ្ណោះរបស់អតិថិជនរបស់ខ្លួនដែលបានសម្រេចចិត្តមិនជ្រើសរើសទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បន្តទៀតនោះទេហើយងាកទៅច្រើសរើសទូរស័ព្ទដំណើរការប្រព័ន្ធ iOS ហើយអតិថិជន 15% ទៀតងាកទៅជ្រើសរើសនូវទូរស័ព្ទក្រុមហ៊ុនផ្សេងដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ។ អ្វីដែលសំខាន់ទៀតនោះគឺថា អតិថិជនជាច្រើននៅតែរក្សាភក្តីភាពជាមួយនឹងក្រុមហ៊ុន Samsung បើទោះបីជាហ្វាប់ប្លេត Galaxy Note 7 ជួបប្រទះនូវបញ្ហាថ្មផ្ទុះនោះក៏ពួកគេនៅតែបន្តប្រើប្រាស់នូវស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung ពីព្រោះតែគុណភាពរបស់ពួកគេ ជាពិសេសការលើកទឹកចិត្តកម្មវិធីជាច្រើសម្រាប់អតិថិជននៅពេលដែលអតិថិជនបញ្ចូននូវហ្វាប់ប្លេត Note 7 ត្រលប់មកកាន់ក្រុមហ៊ុនវិញ។