ជិតមួយខែហើយដែលក្រុមហ៊ុន Samsung បានប្រកាសប្រមូលទូរស័ព្ទ Galaxy Note 7 ដែលមានបញ្ហាផ្ទុះថ្មមកវិញ និងបានបង្កើតកម្មវិធីប្តូរ Note 7 ជាមួយទូរស័ព្ទ Samsung ម៉ូដែលថ្មីជូនអតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក។ ក្នុងថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានប្រាប់ឲ្យដឹងថា មកទល់នឹងពេលនេះ ក្រុមការងារ Samsung បានធ្វើការផ្លាស់ប្តូរទូរស័ព្ទ Galaxy Note 7 ដែលមានបញ្ហាជាមួយនឹងទូរស័ព្ទ Samsung ម៉ូដែលផ្សេង និងបានប្រមូល Galaxy Note មកវិញបាន 85% ហើយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ទីផ្សារអាមេរិក Samsung បានលក់ Galaxy Note 7 បានជិតមួយលានគ្រឿងត្រឹមរយះពេលមិនដល់មួយខែផងនៅពេលវាចេញលក់ជាលើកដំបូង។ Samsung បានបញ្ជាក់ទៀតថា ក្រុមការងាររបស់ Samsung នឹងបញ្ចេញកម្មវិធីសម្រាប់អាប់ដែតដើម្បីជុសជុលបញ្ហាថ្មរបស់ Galaxy Note 7 ក្នុងពេលឆាប់ៗនេះ នោះមានន័យថាម្ចាស់នៃហ្វាប់ប្លែតមួយនេះ នៅតែអាចប្រើវាបានធម្មតានៅពេលធ្វើការអាប់ដែតរួចរាល់។ បន្ថែមពីនេះយើងនៅតែផ្តោតសំខាន់ក្នុងការប្រមូល Galaxy Note 7 មកវិញដដែល។
ហើយកម្មវិធីសម្រាប់អាប់ដែតថ្ម Galaxy Note 7 នឹងត្រូវបញ្ចេញនៅប៉ុន្មានថ្ងៃទៀតនេះ។ ក្រោយការអាប់ដែតវាអនុញ្ញាត្តិឲ្យយើងអាចសាកថ្មបានត្រឹមកម្រិត 60 % ប៉ុណ្ណោះ ហើយយើងនៅតែអាចប្រើ Galaxy Note 7 បានដដែលដោយគ្មានបញ្ហា។ កម្មវិធីអាប់ដែត ដើម្បីជុសជុលបញ្ហាថ្មនេះ ត្រូវបានចាប់ផ្តើមនៅលើ Galaxy Note 7 របស់បណ្តាញ T-Mobile មុនគេដែលបានចាប់ផ្តើមពីថ្ងៃទី 05 វិច្ឆិកានេះទៅ និងធ្វើជាបន្តបន្ទាប់ទៀតសម្រាប់ Note 7 របស់បណ្តាញដទៃទៀតក្នុងទីផ្សារសហរដ្ឋអាមេរិក៕