ក្រុមហ៊ុន Samsung Electronics បានធ្វើការប្រកាសនៅថ្ងៃអាទិត្យនេះថា ក្រុមហ៊ុននឹងធ្វើការដាក់បញ្ចូលនូវសេវាកម្មជំនួយឆ្លាតវៃ AI Assistant Service សម្រាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy S8 ជំនាន់ថ្មីរបស់ខ្លួន។ បន្ថែមពីលើស្មាតហ្វូននេះទៀតនោះ ជំនួយការដ៏ឆ្លាតវៃនេះ អាចប្រើប្រាស់សហការជាមួយនឹងផលិតផលផ្សេងមួយចំនួនទៀតរួមទាំងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ និងនាឡិកាស្មាតវ៉ចផងដែរនេះ បើតាមការបញ្ជាក់របស់សារពត័ត៌មានជាច្រើនដែលបានធ្វើការផ្សព្វផ្សាយ។ ក្រុមហ៊ុន Samsung ត្រូវបានគេឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទូរស័ព្ទស៊េរីម៉ូដែល Galaxy ជាច្រើនរបស់យើងមិនបានផ្តល់នូវសេវាកម្មសម្រាប់អតិថិជនឱ្យធ្វើការកម្មង់នូវភីហ្សា ឬកាហ្វនោះទេ ប៉ុន្តែវាបានផ្តល់នូវកម្មវិធីសម្រាប់ធ្វើការតម្លើងប្រើប្រាស់។ ប៉ុន្តែសម្រាប់ AI Platform ថ្មីនេះ នឹងអនុញ្ញាតឱ្យអតិថិជនធ្វើអ្វីដែលពួកគេចូលចិត្តធ្វើជាធម្មតាដោយពួកគេតែងតែប្រើប្រាស់ជាមួយនឹងកម្មវិធីតម្លើងពីខាងក្រៅមកនោះ (3rd Party Application)” ។
ក្រុមហ៊ុន Samsung ដែលមានគម្រោងក្នុងការប្រកាសនូវស្មាតហ្វូន Galaxy S8 នៅឆ្នាំក្រោយ ថ្មីៗនេះ ទើបតែប្រកាសថាទិញយកនូវក្រុមហ៊ុន Viv Labs ដែលមានទីតាំងនៅក្នុងទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ែរដែលជាអ្នករកឃើញនឹងបង្កើតនូវសេវាកម្មឆ្លាតវៃ Siri របស់ក្រុមហ៊ុន Apple ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅពេលនេះ ក្រុមហ៊ុន Samsung បានធ្វើការបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យទូរស័ព្ទនេះធ្វើការដោះសោរ និងបទពិសោធន៍ថ្មីកាន់តែអស្ចារ្យសម្រាប់អតិថិជនអ្នកប្រើប្រាស់ថែមទៀតផង។
លោក Injong Rhee ដែលជាអនុប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បានធ្វើការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះថា “ក្រុមហ៊ុន Viv គឺជាបេក្ខជនដែលសំខាន់បំផុតក្នុងការរួមបញ្ចូលគ្នានូវការប្រើប្រាស់ជាមួយនឹងគ្រឿងសម្ភារៈនៅក្នុងផ្ទះ នាឡិកាឆ្លាតវៃ និងជាច្រើនទៀតហើយវាជាគំរូនៃរបៀបរបស់ពួកយើងក្នុងការផ្លាស់ប្តូរនូវបច្ចេកវិទ្យាទៅជាសេវាកម្មមួយឆ្លាតវៃដែលធ្វើការគ្រប់គ្រងដោយសំឡេង។” លោក Rhee បានឱ្យដឹងនៅអំឡុងពេលសន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថា “ក្រុមអ្នកអភិវឌ្ឍកម្មវិធី (Developers) អាចធ្វើការតភ្ជាប់ និង Upload នូវសេវាកម្មជាច្រើនចូលទៅក្នុងឧបករណ៍ផលិតផលថ្មីរបស់យើង។ បើទោះបីជាក្រុមហ៊ុន Samsung មិនបានធ្វើអ្វីទាំងអស់ដោយខ្លួនឯងផ្ទាល់ សេវាកម្មជាច្រើនទៀតដែលបានភ្ជាប់បន្ថែមទៅក្នុងឧបករណ៍ថ្មីនេះអាចនឹងរៀនសេវាកម្មថ្មីបន្ថែមទៀត និងផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់។”
តាមប្រភពពី Reuters ក្រុមហ៊ុន Samsung គ្រោងនឹងដាក់នូវ AI Platform របស់ក្រុមហ៊ុន Viv ចូលទៅក្នុងទូរស័ព្ទស្មាតហ្វូនជាច្រើន។ វាគឺជាមុខងារមួយដែលអនុញ្ញាតឱ្យអ្នកអ្នកអភិវឌ្ឍកម្មវិធីតម្លើងខាងក្រៅតាមរយៈសេវាកម្មជំនួយការនិម្មិតនេះ។
ក្រុមហ៊ុន Samsung រំពឹងទៅលើការលក់នូវទូរស័ព្ទស្មាតហ្វូន Galaxy S8 ដើម្បីស្រោចស្រង់មកវិញបន្ទាប់ពីការបាត់បង់នូវប្រជាប្រិយភាពដោយសារតែមានបញ្ហាថ្មរបស់ហ្វាប់ប្លេត Galaxy Note 7 កាលពីប៉ុន្មានខែកន្លងមកនេះ។ កាលពីខែមុននេះ បន្ទាប់ពីការប្រកាសបញ្ឈប់នូវការផលិតទាំងស្រុងនៃស្មាតហ្វូន Note 7 ក្រុមហ៊ុន Samsung បានរាយការណ៍ថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី ៣ នេះមានការធ្លាក់ចុះ 17% ។ សរុបមក ការបាត់បង់នូវសមាជិកថ្មី Samsung Galaxy Note 7 នេះធ្វើឱ្យក្រុមហ៊ុនមួយនេះបាត់បង់នូវទឹកប្រាក់ចំណាយ 5 ពាន់លានដុល្លារ៕