ទូរស័ព្ទជំនាន់ក្រោយរបស់ប្រភេទទូរស័ព្ទថ្នាក់កណ្តាលរបស់ Galaxy J7 (2016) ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញខ្លួននៅក្នុងឆ្នាំ 2017 ខាងមុខនេះ ប៉ុន្តែរហូតមកទល់ពេលនេះវានៅមិនទាន់មានការទម្លាយណាមួយដែលច្បាស់លាស់នោះទេអំពីលក្ខណៈសម្បតិ្ត និងការរចនារូបរាងរបស់វា។
កាលពីដំបូងឡើង វាមានព័ត៌មានថាទូរស័ព្ទ Galaxy J7 (2017) នឹងត្រឡប់មកវិញនៅក្នុងខែតុលា ហើយលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះគឺត្រូវបានទម្លាយតិចតួចបំផុត។ ទូរស័ព្ទនេះត្រូវបានបង្ហាញខ្លួននៅលើ Zuaba ដែលជាវេបសាយរបស់ក្រុមហ៊ុននាំចូល នាំចេញរបស់ប្រទេសឥណ្ឌាដែលបានចុះបញ្ជីនូវគ្រឿងអេឡិចត្រូនិចទាំងអស់ដែលចូលមកកាន់ប្រទេសមួយនេះ។ នោះគឺជាភស្តុតាងដំបូងដែលបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពងតែធ្វើការតេស្តសាកល្បងទៅលើការប្រកាសបង្ហាញវត្តមានរបស់ Galaxy J7 (2017) ។ ពេលនេះ យើងបានទទួលនូវភស្តុតាងជាច្រើនទៀតដែលបង្ហាញថាទូរស័ព្ទ Galaxy J7 (2017) គឺជារឿងពិត ហើយក្រុមហ៊ុននឹងធ្វើការសម្ភោធន៍ប្រកាសបង្ហាញទូរស័ព្ទនេះនៅក្នុងនិទាឃរដូវ។
វីដេអូនៃការ Renders និងការបង្វិលមើលតួខ្លួនរូបរាងរបស់វា 360 ដឺក្រេរបស់ទូរស័ព្ទ Galaxy J7 (2017) ត្រូវបានបែកធ្លាយនៅលើអនឡាញ ដូចនេះពេលនេះយើងច្បាស់ថាទូរស័ព្ទនេះពិតជាបង្ហាញខ្លួនពិតមែន។ទូរស័ព្ទនេះត្រូវបានគេដឹងថានឹងមានប្រវែង 51.34 x 76.20 x 8 មម ប៉ុន្តែទំងន់របស់វានៅមិនទាន់បានដឹងនៅឡើយនោះទេ។ បើតាមរយៈគេហទំព័រ Zauba យើងអាចដឹងថាទូរស័ព្ទ Galaxy J7 (2017) នឹងមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD (1080p) ដែលជាការពង្រឹងមួយកាន់តែល្អប្រសើរបើធៀបជាមួយនឹងទូរស័ព្ទ Galaxy J7 (2016) ដែលមានកម្រិតភាពច្បាស់ត្រឹមតែ HD (720p) ប៉ុណ្ណោះ។
របាយការណ៍មុននេះបានបង្ហាញថា ទូរស័ព្ទថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung នេះនឹងភ្ជាប់ជាមួយនឹងបន្ទះឈីបប្រភេទ Qualcomm ឬ Exynos រ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្ន 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB។ ទូរស័ព្ទ Galaxy J7 (2017) នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 13 មេហ្គាភិចសែលនៅខាងក្រោយ និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែលសម្រាប់ការថតរូប Selfie ។ យើងក៏ដឹងថែមទៀតថា ទូរស័ព្ទ Galaxy J7 (2017) នឹងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថែមទៀតផង៕