ក្រុមហ៊ុនស្រាវជ្រាវ IHS បានប្រាប់សារព័ត៌មាន DigiTimes ថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការអាប់ឌែតនូវកញ្ចក់អេក្រង់កុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ខ្លួន MacBook Pro ពីកញ្ចក់ a-Si (Amorphous Silicon Material) TFT-LCD Panels ទៅជាប្រភេទកញ្ចក់ IGZO (Indium Gallium Zinc Oxide) TFT-LCD វិញនៅក្នុងឆ្នាំនេះ។ បើយោងទៅតាមរបាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយកមួយនេះប្រហែលជាបន្តប្រើប្រាស់នូវកញ្ចក់អេក្រង់ a-Si TFT-LCD សម្រាប់កុំព្យូទ័រយួរដៃជាច្រើនស៊េរីរហូតទាល់តែចប់ត្រីមាសទី 1 សិនទើបធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវកញ្ចក់អេក្រង់ IGZO វិញ។ មានរបាយការណ៍នេះ បន្ថែមថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Sharp គឺជាអ្នកផ្គត់ផ្គង់នូវបន្ទះអេក្រង់ IGZO Panels សម្រាប់ក្រុមហ៊ុន Apple នៅក្នុងពាក់កណ្តាលឆ្នាំ 2017 ខាងមុខនេះ។
ក្រុមហ៊ុន Sharp បានពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា បន្ទះអេក្រង់ IGZO ត្រូវបានគេដឹងថាបង្កើតឡើងដោយសារធាតុ Indium, Gallium, Zinc និង Oxygen ។ វាធ្វើឱ្យត្រង់ស៊ីស្ទ័រកាន់តែមានទំហំតូច ហើយផ្តល់នូវពន្លឺគ្រីស្តាល់ភ្លឺច្បាស់បានល្អបំផុត។ បន្ទះអេក្រង់ IGZO អាចបង្កើននូវគុណភាពកម្រិតភាពច្បាស់លើសពីអេក្រង់ LCDs ធម្មតាដល់ទៅ 2 ដងដោយប្រើប្រាស់នូវថាមពលតិច និងចែកចាយរូបភាពនៅក្នុងកម្រិតច្បាស់បំផុត (Super High) ។ ចំនែកការចល័តនូវបន្ទុកអេឡិចត្រុងនៅលើបន្ទះអេក្រង់ថ្មីនេះគឺលឿនជាង 20 ទៅ 50 ដងបើធ្វើការប្រៀបធៀបជាមួយនឹងកញ្ចក់អេក្រង់ដែលប្រើប្រាស់នៅលើ MacBook Pro នាពេលបច្ចុប្បន្ននេះ។ ការផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចក់អេក្រង់ IGZO របស់ក្រុមហ៊ុន Apple ត្រូវបានគេសង្ស័យថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះប្រហែលជាធ្វើការប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី MacBook Pro ជំនាន់បន្ទាប់នាពេលឆាប់ៗនេះផងដែរ។
ក្រុមហ៊ុន Apple នឹងធ្វើការបញ្ជាទិញនូវបន្ទះអេក្រង់ថ្មីយ៉ាងហោចណាស់ 13.6 លានបន្ទះសម្រាប់កុំព្យូទ័រយួរដៃMacBook Pro នៅក្នុងឆ្នាំនេះដែលចំនួននេះតិចជាងការបញ្ជាទិញនៅក្នុងឆ្នាំ 2016 ដែលមានចំនួន 16.2 លានបន្ទះ នេះបើតាមការបញ្ជាក់របស់ IHS ។ ជាពិសេស ក្រុមហ៊ុន LG Display នៅតែជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ក្រុមហ៊ុន Apple ។ បន្ទះអេក្រង់សម្រាប់កុំព្យូទ័រ MacBook Air វិញប្រហែលជាធ្លាក់ចុះពី 6 លានបន្ទះនៅក្នុងឆ្នាំ 2016 មកត្រឹមតែ 2.7 លានបន្ទះនៅក្នុងឆ្នាំនេះព្រោះថាការផលិតនូវកុំព្យូទ័រទាំងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ 2017 នេះហើយ។ ជាមួយគ្នានេះផងដែរ ដំណើរការនៃការផ្គត់ផ្គង់កុំព្យូទ័រ MacBook Pro ស៊េរីថ្មីនេះនឹងកើនឡើងពី 8.8 លានគ្រឿងកាលពីឆ្នាំមុនទៅចំនួន 9.7 លានគ្រឿងនៅក្នុងឆ្នាំនេះ៕