ថ្ងៃនេះ មានពាក្យចចាមអារ៉ាមជាច្រើ នដែលបាននិយាយតៗ គ្នាអំពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ដែលរំពឹងថា នឹងប្រើប្រាស់នូវរ៉េមទំហំ 8GB ប៉ុន្តែយើងនៅមិនទាន់បានឃើញរ៉េមនេះ ដាក់ឱ្យប្រើប្រាស់នៅស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅឡើយទេ។ ប្រភពព័ត៌មានថ្មីនេះ បញ្ជាក់ថា រ៉េមទំហំ 8GB នឹងដាក់ឱ្យប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 ។
ក្រុមហ៊ុន SK Hynix ដែលជាដៃគូប្រកួតប្រជែងក្នុងការបង្កើតនូវរ៉េមជាមួយនឹងក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េនៅថ្ងៃនេះ បានប្រកាសបង្ហាញពីរ៉េមទំហំ 8GB DRAM ដែលប្រើប្រាស់នូវ 4 ស្រទាប់សម្រាប់ប្រើប្រាស់ជាមួយនឹងម៉េមូរីទំហំចាប់ពី 64GB ឡើងទៅសម្រាប់ទូរស័ព្ទស្មាតហ្វូននាពេលអនាគត។ ក្រុមហ៊ុន SK Hynix តែងតែក្លាយជាក្រុមហ៊ុន ដែលផលិតបាននូវរ៉េមទំហំ 8GB មុនគេបង្អស់ដូចកាលឆ្នាំ 2013 នៅពេលដែលក្រុមហ៊ុននេះ បានប្រកាសបង្ហាញរ៉េម 1GB DDR3 សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទផងដែរ។ ក្រុមហ៊ុន SK Hynix បានបញ្ជាក់ថា រ៉េមថ្មីនេះ មានទំហំតូចជាងមុន 30% បើធ្វើការប្រៀបធៀបជាមួយនឹងរ៉េម LPDDR4 ហើយវាមានកម្លាំងខ្លាំងជាងមុនដល់ទៅ 20% ។ នៅក្នុងឆ្នាំនេះ តម្រូវការរបស់រ៉េមថ្មីដូចជាប្រភេទ LPDDR4X រំពឹងថា នឹងមានតម្រូវការខ្លាំងនៅក្នុងឆ្នាំ 2017 នេះសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទទំនើបថ្មីៗជាច្រើនដូចជា Galaxy S8 និង iPhone 8 ជាដើម។
ខណៈពេលដែលយើងរំពឹងថា រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 8GB នឹងដាក់ឱ្យប្រើប្រាស់នៅលើទូរស័ព្ទ Samsung Galaxy S8 នោះ វានៅមិនទាន់ដឹងទេថា ក្រុមហ៊ុន Apple នឹងដាក់ប្រើប្រាស់រ៉េមទំហំធំនេះ នៅលើទូរស័ព្ទ iPhone 8 ស៊េរីថ្មីរបស់ខ្លួនឬអត់នោះ ព្រោះថាតាមទម្លាប់របស់ក្រុមហ៊ុន Apple មិនប្រើប្រាស់រ៉េមទំហំធំបែបនេះនោះទេ។ ប៉ុន្តែនៅឆ្នាំនេះ យើងអាចដឹងបានថាក្រុមហ៊ុន Apple ធ្លាប់បានប្រកាសរួចមកហើយថានឹងប្រើប្រាស់នូវកញ្ចក់អេក្រង់ប្រភេទ OLED នៅលើទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនដែលនឹងប្រកាសបង្ហាញវត្តមាននៅក្នុងខែកញ្ញា ឆ្នាំ 2017 នេះ៕