បើយោងទៅតាមរបាយការណ៍ថ្មីមួយចេញមកពីក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មានគោលដៅក្នុងការលក់ទូរស័ព្ទ Galaxy S (Galaxy S8) ដែលជាស្មាតហ្វូនស៊េរីថ្មី អោយបានចំនួន 60 លានគ្រឿងនៅក្នុងឆ្នាំ 2017 នេះ ។ របាយការណ៍នេះ បានស្រង់សម្តី ដែលមានប្រភពចេញពីឧស្សាហកម្មនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានស្នើសុំឱ្យដៃគូជាច្រើនរបស់ខ្លួនធ្វើការផ្គត់ផ្គង់ទៅលើផ្នែកសម្ភារៈឱ្យបានគ្រប់គ្រាន់ដោយផ្អែកទៅលើគោលដៃក្នុងការនាំចេញរបស់ក្រុមហ៊ុនចំនួន 60 លានគ្រឿងនៅក្នុងឆ្នាំនេះ។
ប្រសិនបើលោកអ្នកធ្វើការប្រៀបធៀបតួរលេខ 60 លាន គឺពិតជាខ្ពស់ជាងទូរស័ព្ទត្រកូល Galaxy S ជាច្រើនស៊េរីនាពេលបច្ចុប្បន្នដូចជា Galaxy S5 (45 លានគ្រឿង) Galaxy S6 (45 លានគ្រឿង) និង Galaxy S7 (48 លានគ្រឿង)។ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ទូរស័ព្ទ Galaxy S8 នឹងប្រកាសបង្ហាញវត្តមាននៅក្នុងពេលណាមួយនៅក្នុងខែមេសា (ព័ត៌មាននេះយើងបានលឺថ្មីៗនេះផងដែរ) ហើយការចាប់ផ្តើមផលិតគឺមានរយៈពេលមុនមួយខែពោលគឺនៅក្នុងខែមីនា៕