ក្រុមហ៊ុន LG បានប្រកាសបញ្ជាក់ថាកំពូលស្មាតហ្វូនជំនាន់ថ្មី LG G6 ដែលត្រៀមបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី QHD+ ហើយក៏ជាស្មាតហ្វូនដំបូងគេដែលមានអេក្រង់កម្រិត aspect ratio 18:9។ ក្រុមហ៊ុន LG Display បានប្រកាសកាលពីថ្ងៃម្សិលមិញថា អេក្រង់កម្រិត wider screen បានផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យបន្ថែមទៀត និងអាចប្រើប្រាស់បានកាន់តែល្អប្រសើរឡើងក្នុងការបំពេញកិច្ចការងារបានច្រើន និងទ្រទ្រង់បានជាមួយមុខងារបែងចែកអេក្រង់ (dual screen) ថែមទៀតផង។
នៅលើកញ្ចក់អេក្រង់ប្រភេទ LCD panel ទំហំ 5.7” ដែលផ្តល់ឲ្យការបង្ហាញរូបភាពវីដេអូទំហំ 1440x2880 ភិចសែលជាមួយកម្រិតភាពច្បាស់ 564ppi ដែលបំពាក់នៅលើ LG G6 និងមានភ្ជាប់នូវបច្ចេកវិទ្យាថ្មី LG’s in-TOUCH Technology របស់ក្រុមហ៊ុនផ្ទាល់ហើយបច្ចេកវិទ្យាថ្មីនេះនឹងដាក់បញ្ចូលក្នុងស្រទាប់ក្រោមអេក្រង់ LCD cell ដែលវាជួយបង្កើនសមត្ថភាពញាណផ្ទៃអេក្រង់ជួយឲ្យការចុចថាច់បញ្ជាបានកាន់តែលឿនរហ័ស និងយល់ច្បាស់ពីអ្វីដែលអ្នកចង់បញ្ជា។
LG បានបន្ថែមទៀតថា បច្ចេកវិទ្យាកញ្ចក់អេក្រង់ប្រភេទថ្មីនេះត្រូវបានផលិតឡើងដោយមានកម្រាស់ស្តើងបំផុតត្រឹមតែ 1 មមប៉ុណ្ណោះជាមួយគែមអេក្រង់កាន់តែតូចស្តើងជាកញ្ចក់អេក្រង់ដែលបានប្រើនៅលើស្មាតហ្វូនជំនាន់មុន ហើយវាក៏មានភាពរឹងមាំ និងមិនត្រូវការកញ្ចក់ការពារពីលើផងដែរ។ ជាងនេះទៅទៀតបច្ចេកវិទ្យា in-TOUCH Technology នេះជួយធ្វើការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃខ្លាំងមិនចោទជាបញ្ហាទៀតឡើយ។
ហេតុផលមូយចំនួនដែលក្រុមហ៊ុន LG នឹងប្រកាសចេញស្មាតហ្វូន LG G6 ដែលបំពាក់កម្រិតអេក្រង់ដែលមានគុណភាពខ្ពស់បំផុតនេះព្រោះ LG ចង់បង្កើនសមត្ថភាពការផលិតស្មាតហ្វូនរបស់ខ្លួន និងដើម្បីប្រគូតប្រជែងទីផ្សារជាមួយ Samsung Galaxy S8 ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះដែរ ហើយព័ត៌មានលេចលឺកន្លងមកបានលើកឡើងថា Galaxy S8 នឹងបំពាក់កញ្ចក់អេក្រង់ដែលមានផ្ទៃបង្ហាញរូបភាពវីដេអូទំហំ 90% នៃផ្ទៃអេក្រង់ទាំងមូល និង Xiaomi Mi Mix ដែលមានកញ្ចក់អេក្រង់ស្ទើរតែពេញផ្ទៃខាងមុខជាមួយកម្រិត aspect ratio 17:9 ដូចនេះ LG ត្រូវតែពង្រឹងលើផ្នែករឹងរបស់ LG G6 ដើម្បីត្រៀមខ្លួនប្រគូតប្រជែងទីផ្សារក្នុងឆ្នាំ 2017 នេះ៕