នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសជប៉ុន Sharp ដែលជាក្រុមហ៊ុនល្បីល្បាញក្នុងការផលិតនូវបន្ទះអេក្រង់សម្រាប់ទូរស័ព្ទ និងទូរទស្សន៍ត្រូវបានគេចាត់ទុកថាជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ LCD ដ៏ធំមួយរបស់ក្រុមហ៊ុន Apple ។ កាលពីពេលមុននេះ វាមានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់នូវបន្ទះអេក្រង់ OLED សម្រាប់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុន Sharp ក៏ប្រតិកម្មទៅលើរឿងនេះដែរ។ ក្រុមហ៊ុនដ៏ធំមួយនេះត្រូវបានគេរាយការណ៍ថានឹងធ្វើការវិនិយោគទឹកប្រាក់ 100 ពាន់លានយ៉េន (ប្រហែលជា 864 លានដុល្លារអាមេរិច) សម្រាប់ការផលិតនូវបន្ទះ OLED ថ្មីនៅក្នុងរោងចក្រ Foxconn នៅឯទីក្រុង Zhengzhou ។ វាអាចនឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ 2019 ដែលមានន័យថាក្រុមហ៊ុនមិនអាចផ្គត់ផ្គង់បានទាន់ពេលវេលានោះទេសម្រាប់ទូរស័ព្ទ iPhone 8 ។
ក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Sharp គឺជាម្ចាស់ភាគហ៊ុននៅ SDP (Sakai Display Products) ដែលបានវិនិយោគជិត 500 លានដុល្លារអាមេរិចក្នុងការផលិតនូវបន្ទះអេក្រង់ OLED ដែលចាប់ផ្តើមប្រតិបត្តិការពេញលេញនៅក្នុងឆ្នាំ 2018 ។ វាហាក់ដូចជាយឺតពេលហើយសម្រាប់ការផលិតទ្រង់ទ្រាយធំសម្រាប់ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នោះ។
ការប្រើប្រាស់នូវអេក្រង់ OLED Displays ប្រហែលជាការផ្លាស់ប្តូរការរចនារូបរាងថ្មីរបស់ក្រុមហ៊ុន Apple ដោយធ្វើការរចនាទៅលើ TouchID Sensor ការប្រើប្រាស់កាសស្តាប់ និងការប្រើប្រាស់នូវកាមេរ៉ាស្ថិតនៅក្រោមកញ្ចក់អេក្រង់តែម្តង។ ពិសេសជាងនេះទៀតនោះ ទូរស័ព្ទ iPhone ជំនាន់ថ្មីនេះល្បីថាមានស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែតូចជាងមុន៕