ឆ្នាំ 2016 កន្លងទៅថ្មីៗនេះ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន Meizu ហើយសំរាប់ឆ្នាំថ្មីនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនស៊េរីផ្សេងទៀតសម្រាប់ឆ្នាំ 2017 បន្ទាប់ពីការលក់យ៉ាងជោគជ័យរបស់ខ្លួន។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានប្រារព្ធនូវកម្មវិធីជាផ្លូវការមួយនៅក្នុងប្រទេសចិន ដោយបានបង្ហាញថា ការលក់ស្មាតហ្វូននៅក្នុងឆ្នាំ 2016 មានចំនួន 22 លានគ្រឿង។ ការបំបែកកំណត់ត្រារបស់ក្រុមហ៊ុន Meizu នេះបានធ្វើឱ្យក្រុមហ៊ុនមួយនេះ គ្រងដំណែងលក់បានច្រើនជាងគេបំផុត នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។
ប៉ុន្តែរឿងមួយដែលយើងនឹកស្មានមិនដល់នោះគឺថា ក្នុងចំណោមទូរស័ព្ទ 22 លានគ្រឿង វាមានតែ 10% ប៉ុណ្ណោះ ដែលបានលក់ក្រៅពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន។ អ្វីដែលកាន់តែច្បាស់នោះគឺថា ក្រុមហ៊ុន Meizu កំពុងតែត្រៀមបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី M3 Max និងវត្តមានរបស់ទូរស័ព្ទ MX6 ។ ដើម្បីធ្វើការពង្រីកទៅលើជំនួញស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន Meizu កំពុងតែត្រៀមខ្លួនក្នុងការផលិតនូវស្មាតហ្វូន 6 ម៉ូដែលផ្សេងទៀតនៅក្នុងឆ្នាំ 2017 នេះ ដែលស្មាតហ្វូនមួយស៊េរីនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 625 ដែលមានអនុភាពខ្លាំងក្លាផងដែរ៕