ក្រុមហ៊ុន Asus បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតចំនួន 2 ស៊េរីម៉ូដែល សម្រាប់ព្រឹត្តិការណ៍តាំងពិពរណ៍ CES 2017 នេះគឺទូរស័ព្ទ Asus Zenfone AR ដែលមានអេក្រង់ទំហំធំដល់ទៅ 5.7 អ៊ីង ដែលទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ា 3D របស់កម្មវិធី Google Tango ហើយវាថែមទាំងមានថាមពលថ្មធំខ្លាំងថែមទៀតផង និងមួយទៀតគឺ Asus Zenfone 3 Zoom ដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលដូចគ្នាទៅនឹងទូរស័ព្ទ iPhone 7 Plus ហើយវាថែមទាំងប្រើប្រាស់នូវមុខងារ Dual Pixel Auto Focusing ទៀតផង។ សមត្ថភាពខ្លាំង គឺជាអ្វីដែលសំខាន់បំផុត ហើយនៅពេលដែលទូរស័ព្ទទំនើបទាំង 2 ស៊េរីម៉ូដែលនេះ បានបង្ហាញខ្លួនវាមិនត្រឹមតែមានមុខងារកាន់តែអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែរូបរាងរបស់វាគឺពិតជាស្រស់ស្អាតទាក់ទាញចិត្តបំផុត។ ពេលនេះ រូបភាពពិតប្រាកដរបស់ទូរស័ព្ទទាំងពីរនេះ ត្រូវបានបង្ហោះចែកចាយដែលគ្រាន់តែឃើញភ្លាមពិតជាចង់ប្រើប្រាស់ជាទីបំផុត។
ទូរស័ព្ទ Asus Zenfone AR
ទូរស័ព្ទ Asus Zenfone AR មានរូបរាងរលើបរលោងទាន់សម័យ និងស្រស់ស្អាតជាទីបំផុត ហើយវាថែមទាំងប្រើប្រាស់នូវប្រព័ន្ធ Tango ថែមទៀតផង។ Zenfone AR ភ្ជាប់ជាមួយនឹងប្រព័ន្ធ Tri-Camera ស្ថិតនៅផ្នែកខាងក្រោយប្រើប្រាស់ដើម្បីធ្វើការតាមដានចលនា និងកាមេរ៉ា Sony IMX 318 សែនស័រដែលចាប់យករូបភាពបានច្បាស់ជាទីបំផុត។ កាមេរ៉ាដែលស្ថិតនៅផ្នែកខាងក្រោយហាក់ដូចជាហើបឡើងលើបន្តិច ប៉ុន្តែរូបរាងរបស់ទូរស័ព្ទនេះពិតជាស្តើងមែនទែន។ ទូរស័ព្ទនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 ដែលគ្រប់គ្រងដោយប្រព័ន្ធ Tango ។ ទូរស័ព្ទ Asus Zenfone AR អាចប្រើប្រាស់ជាមួយនឹង DayDream ដោយអ្នកអាចប្រើប្រាស់វាជាមួយនឹង VR Glasses បានផងដែរ។ ទូរស័ព្ទទំនើបនេះមានអេក្រង់ធំទំហំ 5.7 អ៊ីង និងកម្រិតភាពច្បាស់ Quad HD Display ។
ទូរស័ព្ទ Asus Zenfone 3 Zoom
ទូរស័ព្ទ Asus Zenfone 3 Zoom មានការរចនាកាមេរ៉ាដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ពោលគឺវាប្រើប្រាស់នូវកាមេរ៉ាភ្លោះដែលប្រើប្រាស់នូវ Telephoto និង Optical Close-up ដែលមានសមត្ថភាពស្រដៀងទៅនឹងទូរស័ព្ទ iPhone 7 Plus ផងដែរ។ លក្ខណៈពិសេសរបស់កាមេរ៉ារបស់ទូរស័ព្ទស៊េរីថ្មីនេះគឺប្រើប្រាស់នូវកាមេរ៉ា Lens ទំហំ 25mm ខណៈពេលដែលកាមេរ៉ាមួយគ្រាប់ទៀតប្រើប្រាស់នូវ Telephoto ដែលមានប្រវែង 56mm ដែលអាចចាប់យករូបភាពបានខ្លាំងជាងមុនដល់ទៅ 2.3 ដងសម្រាប់ការប្រើប្រាស់ Optical Zoom ។ ក្រុមហ៊ុន Asus ក៏បានប្រើប្រាស់នូវកាមេរា់ f/1.7 Lens សម្រាប់កាមេរ៉ាខាងក្រោយដែលអនុញ្ញាតឱ្យវាចាប់ពន្លឺបានច្បាស់ជាងមុន f/2.0 ហើយពិសេសនោះគឺការប្រើប្រាស់នូវបច្ចេកវិទ្យា Super-Fast Dual Pixel Focusing ថែមទៀត។ កាមេរ៉ាខាងក្រោយនេះមានទំហំ 12 មេហ្គាភិចសែលជាមួយនឹងទំហំ 1.4 មីក្រុងភិចសែល ហើយវាថែមទាំងផ្តល់នូវរូបភាពច្បាស់ស្អាតគ្រប់កាលៈទេសៈ៕