កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Huawei P20 និង P20 Pro នៅចុងខែមីនា ដូចនេះ ក្រុមហ៊ុនរបស់ចិនមួយនេះ ត្រូវបានគេដឹងថា អាចនឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល P Series នៅចុងត្រីមាសទី 1 ឆ្នាំ 2019 នេះហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសប៉ូឡូញ បានបញ្ជាក់ថា ខ្លួននឹងជួលបុគ្គលិកចំនួនរាប់រយនាក់នៅក្នុងអង្គភាពរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូន P30 Series ដែលនឹងបង្ហាញខ្លួននៅចុងខែមីនាខាងមុខនេះ។
ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ គឺមានគោលបំណង ដើម្បីសម្រេចនូវអត្រានៃកំណើនយ៉ាងឆាប់រហ័សនៅក្នុងផ្នែកស្មាតហ្វូន កុំព្យូទ័រ និង Accessories របស់ខ្លួន។ ក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការបង្កើននូវបុគ្គលិករបស់ខ្លួនទ្វេដងនៅក្នុងនាយកដ្ឋានជាច្រើនដូចជាផ្នែកលក់ សេវាកម្មអតិថិជន និងផ្នែកទីផ្សារនៅក្នុងប្រទេសប៉ូឡូញថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏នឹងមានរៀបចំនូវសន្និសីទមួយនៅចុងខែមីនានេះ នៅក្នុងទីក្រុងប៉ារីស ដើម្បីបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល P series របស់ខ្លួនផងដែរ។
Huawei P30 series មាន 3 ជម្រើស រួមមានដូចជា P30 Lite, P30 និង P30 Pro ស្របពេលដែលស្មាតហ្វូន P30 Lite ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិស្ថិតនៅក្នុងថ្នាក់កណ្តាលនោះ ស្មាតហ្វូន P30 និង P30 Pro នឹងមានលក្ខណៈសម្បត្តិកម្រិតខ្ពស់ និងការប្រើប្រាស់នូវកាមេរ៉ាកម្រិតខ្ពស់ថែមទៀត។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន P30 Lite នឹងមានកូដឈ្មោះហៅថា Marie Claire ហើយស្មាតហ្វូន P30 និង P30 Pro នឹងមានលេខកូដឈ្មោះថា Elle និង Vogue។ មានការរំពឹងថា ស្មាតហ្វូន P30 Lite នឹងបង្ហាញខ្លួននៅចុងខែនេះហើយ។
ដូចគ្នាទៅនឹងម៉ូដែលជំនាន់មុនៗដែរ ស្មាតហ្វូន P30 និង P30 Pro ត្រូវគេរំពឹងថានឹងមានកាមេរ៉ាដ៏អស្ចារ្យបំផុត។ ស្មាតហ្វូន P30 ត្រូវគេរំពឹងថា នឹងមានកាមេរ៉ាចំនួន 3 គ្រាប់ ខណៈពេលដែលស្មាតហ្វូន P30 Pro នឹងបន្ថែមនូវកាមេរ៉ា ToF sensor មួយទៀតជាមួយនឹងកាមេរ៉ា 3 គ្រាប់នោះ។ នៅក្នុងរបាយការណ៍ថ្មីៗនេះ បានអះអាងថា ស្មាតហ្វូន P30 ប្រហែលជាប្រើប្រាស់ជាមួយនឹងកាមេរ៉ា Sony IMX600 ស្របពេលដែលស្មាតហ្វូន P30 Pro ប្រហែលជាប្រើប្រាស់កាមេរ៉ា Sony IMX607 ។ ស្មាតហ្វូន P30 Pro ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា periscope module សម្រាប់ធ្វើការប្រើប្រាស់ទៅលើមុខងារ Optical Zoom កាន់តែអស្ចារ្យជាងមុនទៀត។
ស្មាតហ្វូន Huawei P30 និង Huawei P30 Pro ត្រូវគេដឹងថានឹងប្រើប្រាស់នូវបន្ទះឈីប Kirin 980 chipset ហើយវាក៏មានអេក្រង់ប្រភេទ Waterdrop Notch ថែមទៀត។ ស្មាតហ្វូន P30 នឹងមានរ៉េមទំហំ 8GB ហើយស្មាតហ្វូន P30 Pro នឹងមានរ៉េមទំហំ 12GB។ Huawei នឹងមានវត្តមានផងដែរនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress (MWC) 2019 នៅចុងខែនេះ។ ក្រុមហ៊ុននេះ ក៏នឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ខ្លួនផងដែរ ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G Connectivity ថែមទៀតផង៕