សម្រាប់តម្លៃលក់ជាមធ្យមរបស់ស្មាតហ្វូនជាច្រើនមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ។ ទោះបីជាមានរបាយការណ៍ជាច្រើនអះអាងថា តម្រូវការនៃស្មាតហ្វូនថ្នាក់ប្រណិតថ្នាក់ខ្ពស់មានការធ្លាក់ចុះក្តី របាយការណ៍ថ្មីរបស់ក្រុមអ្នកស្រាវជ្រាវ Gfk របស់អាល្លឺម៉ង់ទម្លាយថា តម្លៃនៃការលក់ជាមធ្យម ASPs មានការកើនឡើងខ្លាំងនៅជុំវិញពិភពលោកនេះ។
យោងទៅតាមរបាយការណ៍នេះ តម្លៃនៃការលក់ជាមធ្យមរបស់ស្មាតហ្វូននៅលើពិភពលោកពេលនេះមានការកើនឡើងដល់ទៅ $400 ហើយនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះតម្លៃជាមធ្យមគឺ $374 ដែលមានការកើនឡើង 21% បើធៀបជាមួយនឹងត្រីមាសទី 1 នៅឆ្នាំ 2017 ខណៈពេលដែលតម្លៃស្មាតហ្វូនជាមធ្យមគឺ $310 ប៉ុណ្ណោះ។ ទោះបីជាការកើនឡើងទៅលើតម្លៃនេះគឺបង្ហាញអំពីឧស្សាហកម្មនេះក៏ដោយ វាមានការកត់សម្គាល់ថាការផ្លាស់ប្តូរនេះគឺដោយសារតែតម្លៃរបស់ iPhone នៃក្រុមហ៊ុន Apple ពិសេសគឺ iPhone X នោះ។ តម្លៃរបស់ iPhone ជាមធ្យមគឺខ្ទង់ $800 ។ សម្រាប់ តម្លៃស្មាតហ្វូន Android ជាមធ្យមនោះគឺ $200 ។ សូម្បីតែក្រុមហ៊ុន Samsung ដែលជាគូប្រកួតប្រជែងផ្ទាល់ជាមួយនឹងក្រុមហ៊ុន Apple នៅក្នុងទីផ្សារស្មាតហ្វូនកម្រិតខ្ពស់នោះគឺមានស្មាតហ្វូនតម្លៃជាមធ្យមគឺ $250 ។
សារៈសំខាន់នៃការកើនឡើងនៃតម្លៃលក់ជាមធ្យមនេះ (ការកើនឡើងនៃប្រាក់ចំណូល 18% នៅលើពិភពលោកនៅក្នុងទឹកប្រាក់ 129.8 ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះគឺមានការប៉ាន់ស្មានថាមានការលក់ស្មាតហ្វូនបានត្រឹមតែ 347 លានគ្រឿងដែលមានការធ្លាក់ចុះ 2% បើធៀបទៅនឹងឆ្នាំមុននោះ។ ទីផ្សារជាច្រើនដូចជាចក្រភពអង់គ្លេស និងអេស្ប៉ាញមានការធ្លាក់ចុះ 11% និង 7% រៀងគ្នាខណៈពេលដែលអាមេរិកខាងជើងមានការធ្លាក់ចុះ 5% ផងដែរ៕