កន្លងមក មានរបាយការណ៍មួយចំនួន បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែសីហាឆ្នាំនេះ ហើយស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដាក់អោយប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ប៉ុន្តែ ព័ត៌មានចុងក្រោយបំផុតនេះ ដែលចេញពីប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះ នៅលើស្មាតហ្វូន Galaxy S10 វិញ។
តាមការបញ្ជាក់របស់គេហទំព័រ Chosun ចេញពីប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា ក្រុមហ៊ុនបយា Samsung បាននឹងព្យាយាមបង្ហាញនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នៅលើស្មាតហ្វូន Galaxy S8 កាលពីឆ្នាំមុននេះ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានការលំបាកនៅក្នុងបញ្ហាបច្ចេកទេសនោះ ក្រុមហ៊ុននេះ នៅមិនទាន់បានបង្ហាញនូវបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃក្រោមអេក្រង់ នៅឡើយទេ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនចិន ជាច្រើនដូចជា Vivo និង Huawei ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃក្រោមអេក្រង់ នេះរួចទៅហើយ។ ក្រុមហ៊ុនចិនទាំងនេះ មានការសហការគ្នាជាមួយនឹងភាគីទី 3 ក្នុងការផ្គត់ផ្គង់ទៅលើបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការផលិតនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដោយខ្លួនឯង។
បច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃក្រោមអេក្រង់ គឺត្រូវបែងចែកជាក្រុម Optical, Capacitive និង Ultrasonic Technologies។ ក្រុមហ៊ុនផលិតស្មាតហ្វូននៅចិនប្រើប្រាស់នូវសេនស័រ optical ស្កេនក្រយ៉ៅដៃក្រោមអេក្រង់របស់ក្រុមហ៊ុនភាគីទី 3 ដូចជាក្រុមហ៊ុន Synaptics និងGoodix ជាដើម។ សម្រាប់សេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ អាចប្រើប្រាស់នៅលើអេក្រង់ OLED ក្នុងការស្កេនទៅលើស្នាមម្រាមដៃ និងទិន្នន័យរក្សាទុកនៅលើស្មាតហ្វូននេះផងដែរ។
បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះ ត្រូវបានគេដំណើរការនៅលើស្មាតហ្វូន Vivo X20 Plus UD មុនរួចហើយ។ សម្រាប់ស្មាតហ្វូន Huawei Mate RS ក៏នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះផងដែរ រួមទាំងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ។ ហេតុផលនោះ គឺថាបានជាក្រុមហ៊ុន Huawei ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយទៀតនោះគឺដោយសារតែបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះនៅមិនទាន់ជឿជាក់ 100% បាននៅឡើយ។
ក្រុមហ៊ុន Samsung និង Qualcomm ហើយនិង Apple ត្រូវបានគេរាយការណ៍ថា នឹងធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា ultrasonic FOD sensors ដែលអាចដំណើរការលឿនបំផុត ដែលមានភាពត្រឹមត្រូវ ធន់នឹងការប្រើប្រាស់ ប៉ុន្តែវាក៏មានតម្លៃថ្លៃនៅក្នុងការផលិតផងដែរ។ សម្រាប់ការផលិតទ្រង់ទ្រាយធំ គឺនៅទាបនៅឡើយ ហើយវាក៏ចំណាយពេលវេលាច្រើនក្នុងការពង្រឹងទៅលើភាពត្រឹមត្រូវរបស់វាផងដែរ៕