យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Counterpoint ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការនាំចេញនូវទូរស័ព្ទស្មាតហ្វូន សម្រាប់ត្រីមាសទី 1 ឆ្នាំ 2018 ។ ទាក់ទងទៅនឹងចំណែកទីផ្សារស្មាតហ្វូន ក្រុមហ៊ុន Samsung បាននាំចេញទូរស័ព្ទចំនួន 78 លានគ្រឿង ដែលស្មើនឹង 22 ភាគរយ នៃចំនួនសរុប 360 លានគ្រឿង ក្នុងរយៈពេលបីខែ ចាប់ពីខែមករាមក។ ខណះដែលក្រុមហ៊ុន Apple បាននាំចេញទូរស័ព្ទ iPhones 52.2 លានគ្រឿង ដើម្បីទទួលបានចំណែកទីផ្សារ 15% និងចំណាត់ថ្នាក់ទី 2 នៅលើពិភពលោក។ ហើយក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនទីបី ដែលមានចំណែក ទីផ្សារចំនួន 11 ភាគរយ ដែលរាប់បញ្ចូលទាំងស្មាតហ្វូន ត្រកូល Huawei និងត្រកូល Honor ។
បើសិនជាយើងក្រឡេកមើលទៅទីផ្សារផ្សេងគ្នា ក្រុមហ៊ុន Samsung បានភ្ជាប់ក្រុមហ៊ុន Xiaomi, Huawei និង Oppo សម្រាប់ចំណែកទីផ្សារ 13% នៅក្នុងទ្វីបអាស៊ី ជាមួយនឹងក្រុមហ៊ុន Apple ដែលមានត្រឹមតែ 12% ប៉ុណ្ណោះ។ តែសម្រាប់ក្រុមហ៊ុន Apple បានគ្របដណ្តប់ទីផ្សារក្នុងស្រុករបស់ខ្លួន នៅអាមេរិកខាងជើង, ដោយចាប់យកជិត 40% នៃការនាំចេញនៅទីនោះ។ ក្រុមហ៊ុន Samsung ស្ថិតនៅលំដាប់ទី 2 ដែលមានចំនួន 27% ។ តែអ្វីដែលប្លែក នៅទ្វីបអឺរ៉ុបតារាងត្រូវបានផ្លាស់ប្តូរ ក្រុមហ៊ុន Samsung គឺជាអ្នកនាំមុខគេ ដែលមាន 33% ហើយក្រុមហ៊ុន Apple ស្ថិតក្នុងលំដាប់លេខ 2 ប្រមាណ20% ។
ការនាំចេញស្មាតហ្វូនទូទាំងពិភពលោក បានធ្លាក់ចុះ 3% ក្នុងមួយឆ្នាំ។ ការនាំចេញរបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះ 3 ភាគរយ, ក្រុមហ៊ុន Apple បានកើនឡើង 3 ភាគរយ ប៉ុន្តែការរីកចម្រើនធំបំផុតនោះ គឺក្រុមហ៊ុន Xiaomi ដែលមាន 101 ភាគរយ។ នៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2018 Xiaomi បាននាំចេញស្មាតហ្វូន 27 លានគ្រឿង បើប្រៀបធៀបទៅនឹងត្រីមាសទី 1 នៃឆ្នាំមុន បានត្រឹម 13,4 លានគ្រឿងប៉ុណ្ណោះ។ យោងតាមការខាងលើ ចំពោះការដឹកជញ្ជូនទូរស័ព្ទសរុប (រាប់បញ្ចូលទាំងស្មាតហ្វូន) ក្រុមហ៊ុន Samsung បានកាន់កាប់ចំណែកទីផ្សារ 17% ខណះក្រុមហ៊ុន Apple ឈរនៅលំដាប់ទីពីរ ចំនួន 11% សម្រាប់ ទីផ្សារអាមេរិកខាងជើង៕