ទូរស័ព្ទ iPhone 2018 មួយម៉ូដែលក្នុងចំនោមបីម៉ូដែលត្រូវបានគេប្រទះឃើញនៅលើបណ្តាញតេស្តសមត្ថភាព Benchmark កាលពីចុងខែនេះ ហើយនៅលើបញ្ចីតារាងធ្វើតេស្តនោះបង្ហាញនូវគុណសម្បត្តិដ៏គួរអោយចាប់អារម្មណ៍មួយចំនួនរបស់វាផងដែរ។ ក្នុងនោះមានដូចជាការប្រើប្រាស់បន្ទះឈីប A12 ដែលផលិតដោយក្រុមហ៊ុន TSMC ដែលមានអង្គគណនា six-core ដូចនៅលើឈីប A11 និងប្រើប្រាស់រ៉េមទំហំ 4GB ខុសពីម៉ូដែល iPhone បច្ចុប្បន្នដែលមានរ៉េមទំហំ 2GB សម្រាប់ iPhone 8, iPhone 8 Plus និង iPhone X មានរ៉េមទំហំ 3GB។ ចំនែកទូរស័ព្ទស្មាតហ្វូន Android ស៊េរីថ្មីៗមួយចំនួនបានបង្កើនទំហំរ៉េមឡើងដល់ 8GB អស់ទៅហើយ។
ការប្រើប្រាស់ទំហំរ៉េមតូចមិនធំសម្រាប់ឧបករណ៍ iOS នេះដោយសារតែប្រព័ន្ធប្រតិបត្តិការ iOS ត្រូវបានក្រុមហ៊ុន Apple ធ្វើការអភិវឌ្ឍឡើងដោយអោយប្រតិបត្តិការនៅលើទំហំរ៉េមតូចបំផុត និងធ្វើអោយប្រតិបត្តិការលើឧបករណ៍ដំណើរការបានយ៉ាងរលូនបំផុត។ ទោះជាយ៉ាងណាយើងមិនទាន់ដឹងច្បាស់ទេថាតើនឹងមាន iPhone 2018 ប៉ុន្មានម៉ូដែលដែលនឹងប្រើប្រាស់រ៉េមទំហំ 4GB នោះ។ គេបានធ្វើការព្យាករណ៍ថា Apple នឹងបញ្ចេញ iPhone Xs Plus ដែលមានអេក្រង់ទំហំធំដល់ទៅ 6.5 អ៊ីញ និងមានរ៉េមទំហំជាង 4GB។ RAM (Radom Access Memory) គឺជាអង្គចង់ចាំក្នុងរយះពេលខ្លីដែលផ្ទុកនូវរាល់ទិន្នន័យដែលបានប្រើដោយកម្មវិធី។
ទូរស័ព្ទដែលមាន RAM កាន់តែធំមានលទ្ធភាពកាន់តែខ្លាំងក្នុងការអូសដំណើរកម្មវិធីប្រើប្រាស់បានកាន់តែច្រើន និងប្រតិបត្តិការកាន់តែរលូន។ ទូរស័ព្ទ iPhone ដំបូងរបស់ Apple ប្រើប្រាស់ RAM ដែលមានទំហំត្រឹមតែ 128MB តែប៉ុណ្ណោះ។ ផ្អែកទៅលើលទ្ធផលនៃការធ្វើតេស្តរបស់ Benchmark បានបង្ហាញថាពិន្ទុដែលរត់លើអង្គគណនា multi-core ទទួលបាន 10,912 និង single-core ទទួលបានពិន្ទុ 4,673។
ក្រុមហ៊ុន Apple ត្រូវបានដឹងទៀតថានឹងបញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីចំនួនបីម៉ូដែលក្នុងឆ្នាំ 2018 នេះដែលរួមមានដូចជាម៉ូដែល iPhone Xs ដែលបំពាក់អេក្រង់ទំហំ 5.8 អ៊ីញ, iPhone Xs Plus ដែលមានអេក្រង់ទំហំ 6.5 អ៊ីញប្រើបន្ទះអេក្រង់ OLED Display ហើយ iPhone ទាំងពីរម៉ូដែលនេះត្រូវបានគេដឹងទៀតថា Apple នឹងចេញលក់ក្រោមស្លាកឈ្មោះ iPhone 9។ រីឯមួយម៉ូដែលទៀតគឺជា iPhone ដែលមានតម្លៃធូរថ្លៃ និងប្រើប្រាស់អេក្រង់ LCD ព្រមទាំងមានកាមេរ៉ាខាងក្រោយតែមួយគ្រាប់ប៉ុណ្ណោះ ហើយក៏មិនមាន 3D Touch នោះទេដោយសារតែវានឹងប្រើប្រាស់អេក្រង់លាតពេញផ្ទៃតែម្តង។ តាមប្រភពច្បាស់ការបានបញ្ជាក់ថា Apple នឹងប្រកាសចេញទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2018 របស់ខ្លួននៅត្រីមាសទីបីនាខែកញ្ញាឆ្នាំនេះ៕