ខណះពេលដែលគ្រប់គ្នាបាននឹងកំពុងទន្ទឹងរងចាំការមកដល់នៃស្មាតហ្វូនជំនាន់ថ្មី Nokia 7.2 ជាផ្លូវការណ៍ ស្រាប់តែខណះពេលនេះយើងបានប្រទះឃើញគំរូនៃការរចនារូបរាងថ្មីចុងក្រោយបំផុតស្រោបដោយស្រោមការងារខាងក្រោយនៃស្មាតហ្វូនជំនាន់ថ្មីមួយនេះនៅបណ្តាញអនឡាញ។ មើលតាមរូបភាពដែលលេចចេញលើបណ្តាញអនឡាញចុងក្រោយនេះបានបង្ហាញអោយយើងឃើញថាស្មាតហ្វូនជំនាន់ថ្មី Nokia7.2 គឺមានការរចនារូបរាងឡើងជាមួយកម្រាស់ស្តើងស្លីម និងរំលេចដោយប្រព័ន្ធកាមេរ៉ាខាងក្រោយដែលមានរចនាបថជារង្វង់ជាមួយនឹងបន្ទះស្កែនក្រយ៉ៅម្រាមដៃនៅខាងក្រោម។
គេក៏ដឹងទៀតផងដែរថា Nokia 6.2 ក៏ជាស្មាតហ្វូនជំនាន់ថ្មីដែលស្ថិតក្នុងជំនាន់ជាមួយ Nokia 7.2 នេះដែរ ហើយវាក៏នឹងមានការរចនារូបរាងប្រហាក់ប្រហែលគ្នានិងរូបភាពដែលបានបែកធ្លាយចុងក្រោយនេះផងដែរ។ បើយោងទៅលើប្រភពព័ត៌មានដែលបានបែកធ្លាយនាពេលកន្លងមកបានអោយដឹងថា Nokia 7.2 នឹងបំពាក់នូវបន្ទះអេក្រង់ស្ទាយឆកដំណត់ទឹកទំហំ 6.2 អ៊ីង Full-HD+, ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 710 ជាមួយរ៉េមទំហំ 6GB, ប្រតិបត្តិការដោយ Android 9.0 Pie, មានថ្មកំលាំង 3,500mAh និងបំពាក់នូវប្រព័ន្ធកាមេរ៉ាបីគ្រាប់ដែលមានរចនាបថជារង្វង់ជាមួយនឹងលែនដើមទំហំ 48MP ថែមទៀតផង។
បើតាមប្រភពព័ត៌មានច្បាស់ការចុងក្រោយនេះបានអោយដឹងថា “HMD នឹងដាក់សម្ពោធន៍ផ្លូវការណ៍ស្មាតហ្វូនជំនាន់ថ្មីគឺ Nokia 7.2 និង Nokia 6.2 នៅជិតដំណាច់ខែសីហានេះ ឬក៏នៅដើមខែកញ្ញាខាងមុខនេះ” ដូច្នេះព័ត៌មានបែកធ្លាយទាំងឡាយទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីម៉ាក Nokia ទាំងពីរនេះនឹងត្រូវបានបិទបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ៕