ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន Mate 40 series កាលពីខែតុលា ឆ្នាំមុននេះ។ ដូចអ្វីដែលអ្នកបានដឹងនោះ ស្មាតហ្វូន Mate series នេះ គឺជាស្មាតហ្វូនប្រភេទ Flagship ដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំនេះ ខណៈពេលដែលស្មាតហ្វូនត្រកូល P series នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1។ នេះ គឺជាពេលដែលនឹងមានការប្រកាសចេញវត្តមានរបស់ស្មាតហ្វូន Huawei P50 series ជំនាន់ថ្មីផងដែរ។
ថ្មីៗនេះ អ្នកទម្លាយម្នាក់ ក៏បង្ហាញនូវព័ត៌មានចុងក្រោយរបស់ស្មាតហ្វូន Huawei P50 series ផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បានអោយដឹងថា ស្មាតហ្វូន Huawei P50 series នឹងបន្តនូវយុទ្ធសាស្រ្តនៃផលិតផលជំនាន់មុនៗរបស់ខ្លួនតាមរយៈការប្រកាសចេញនូវស្មាតហ្វូនត្រកូល Huawei P50, P50 Pro និង P50 Pro+។ ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះនឹងមានអេក្រង់ 3 ប្រភេទផ្សេងគ្នាផងដែរ។ ស្មាតហ្វូន Huawei P50 នេះនឹងមានអេក្រង់គែមកោងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Samsung S20; P50 Pro នឹងប្រើប្រាស់នូវអេក្រង់ Hyperboloid របស់ស្មាតហ្វូនជំនាន់មុននេះ ខណៈពេលដែលស្មាតហ្វូន P50 Pro+ នឹងប្រើប្រាស់នូវអេក្រង់គែមកោងនៅជ្រុងទាំង 4 របស់វាផងដែរ។ មានការបញ្ជាក់ថា ក្រុមហ៊ុនHuawei គឺមានការផ្លាស់ប្តូរអេក្រង់ Pill Shaped ទៅជាអេក្រង់ទម្លុះអេក្រង់វិញ។
ថ្មីៗនេះ អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Huawei P50 Pro។ រូបភាពនេះគឺមានការបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន Huawei P50 Pro ដែលមានកាមេរ៉ាចំនួន 4 គ្រាប់ដែលមានកាមេរ៉ា periscope telephoto lens ផងដែរ។ បន្ថែមពីនេះទៀតនោះ ប៉ាតង់ជាច្រើនកាលពីពេលមុននេះបង្ហាញថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Liquid Lens Technology នៅលើស្មាតហ្វូនថ្មីនេះផងដែរ។ បច្ចេកវិទ្យានេះ អាចបង្កើនទៅលើល្បឿនក្នុងការ Focus។ ស្មាតហ្វូន Huawei P50 series នឹងប្រើប្រាស់នូវបន្ទះឈីប 5nm Kirin 9000 ដូចទៅនឹងស្មាតហ្វូន Mate 40 series ផងដែរ៕