ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme លោក Li Bingzhong បានចែករំលែកនូវលិខិតចំហរមួយនៅលើ Weibo ដែលបានបង្ហាញអំពីការអភិវឌ្ឍរបស់ខ្លួនកាលពីឆ្នាំមុន ហើយវាក៏មានការបង្ហាញអំពីគម្រោងផែនការយុទ្ធសាស្រ្តសម្រាប់ម៉ាកយីហោនេះ អោយមានការកើនឡើងបន្តទៅមុខទៀតនៅក្នុងឆ្នាំនេះផងដែរ។ គាត់បាននិយាយថា នៅក្នុង 2 ត្រីមាសជាប់គ្នានេះ គឺមានការកើនឡើងខ្លាំង ក្រុមហ៊ុន realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលមានការកើនឡើងខ្លាំងបំផុតនៅក្នុងពិភពលោកដែលមានការលក់បានចំនួន 50 លានគ្រឿងថែមទៀតផង។
បានគាត់និយាយថា របាយការណ៍ជាច្រើន បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុននេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី 7 ទៅលើការនាំចេញស្មាតហ្វូននៅក្នុងឆ្នាំ 2020។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានចាប់ផ្តើមវិវត្តបានចំនួន 61 ទីផ្សារហើយនៅលើពិភពលោក។ ប្រសិនបើរបាយការណ៍ចេញពី Counterpoint អាចជឿជាក់បាននោះ ក្រុមហ៊ុន realme ស្ថិតនៅក្នុងចំណោមម៉ាកយីហោ Top 5 នៅក្នុងទីផ្សារពិភពលោកចំនួន 12។ ក្រុមហ៊ុននេះ ក៏ជាប់លេខ 1 នៅក្នុងទីផ្សាររបស់ហ្វីលីពីន និងចំណាត់ថ្នាក់លេខ 4 នៅក្នុងទីផ្សារធំៗជាច្រើនដូចជាឥណ្ឌាផងដែរ។
ក្រុមហ៊ុន realme នឹងផ្តោតទៅលើផលិតផល AIoT ជាច្រើនដែលមានបច្ចេកវិទ្យា Artificial Intelligence (AI) និងបច្ចេកវិទ្យា Internet of Things (IoT)ថែមទៀត។ វានិយាយថា នៅក្នុងរយៈពេល 1 ឆ្នាំនេះ ក្រុមហ៊ុននេះនឹងនាំយកនូវផលិតផល Smartphones + AIoT នៅជុំវិញពិភពលោកជាមួយនឹងមុខងារហ្គេមឆ្លាតវៃ និងការប្រកាសបង្ហាញនូវផលិតផលថ្មីៗជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានគម្រោងក្នុងការផ្តោតទៅលើបច្ចេកវិទ្យា 5G technology និងការពង្រីកខ្លួនទៅកាន់ទីផ្សារជាច្រើនទៀតផងដែរ។
ក្រុមហ៊ុននេះ ចង់ក្លាយខ្លួនជាក្រុមហ៊ុនមុនគេក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន 5G នៅក្នុងទីផ្សារជាច្រើន ហើយនេះពិតជាល្អមែនទែនក្នុងការផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យា 5G ដល់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះ ក៏មានគម្រោងបើកហាងជាច្រើនទៀតរបស់ខ្លួននៅឆ្នាំនេះផងដែរ។ realme ក៏នឹងបង្ហាញនូវហាង Flagship Store ដំបូងបំផុតនៅក្នុងឆ្នាំនេះ និងមានគម្រោងក្នុងការបើកហាងជាច្រើនពាន់កន្លែងទៀតនៅជុំវិញពិភពលោកផងដែរ៕