នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុន Redmi បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនពីរម៉ូដែលចុងក្រោយបំផុតរបស់ខ្លួនហើយនោះ គឺ Redmi K40 និង Redmi K40 Pro នៅក្នុងប្រទេសចិន។ នៅមុនព្រឹត្តិការណ៍នេះ ក្រុមហ៊ុននេះ ក៏ចាប់ផ្តើមទទួលនូវការចុះឈ្មោះទិញស្មាតហ្វូននេះផងដែរ។ នៅពេលនេះ នៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនការប្រកាសជាផ្លូវការនោះ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានចែករំលែកនូវរូបភាពផ្លូវការមួយរបស់ស្មាតហ្វូននេះ ដែលបង្ហាញអំពីផ្នែកខាងក្រោយ។ នៅក្នុងរូបភាពនេះ មានការបង្ហាញអំពីផ្នែកខាងក្រោយយ៉ាងស្រស់ស្អាត ហើយនេះ ប្រហែលជាស្មាតហ្វូន Redmi K40 Black Edition ។
ស្មាតហ្វូន Redmi K40 series នេះនឹងមានអេក្រង់ទំហំ 6.67 អ៊ីង ដែលជាអេក្រង់ E4 របស់ Samsung ប្រភេទ AMOLED ទ្រទ្រង់បានជាមួយកម្រិត Full HD+ និងមាន Refresh Rate 120Hz។ ស្មាតហ្វូនទាំងពីរនេះ គឺមានរន្ធប្រហោង Punch-Hole សម្រាប់កាមេរ៉ាខាងមុខផងដែរ។ សម្រាប់ម៉ូឌែល Pro គឺមានបន្ទះឈីប Qualcomm Snapdragon 888 ខណៈពេលដែលម៉ូឌែលស្តង់ដាររបស់វា គឺមានបន្ទះឈីប Snapdragon 700-Series ឬ Snapdragon 870 SoC។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 8GB DDR5 RAM និងម៉េមូរីទំហំ 256GB UFS 3.1 ផងដែរ។
ស្មាតហ្វូននេះ មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G, Wi-Fi 6, Bluetooth 5.2, Dual Stereo Speakersនិងជាច្រើនទៀត។ ស្មាតហ្វូននេះនឹងមានកាមេរ៉ា 3 គ្រាប់ AI នៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលដែលមានទំហំ 64MPសម្រាប់ម៉ូឌែលស្តង់ដារ និងម៉ូឌែល Pro គឺមានកាមេរ៉ាសេនស័រដែលមានទំហំ 108MP។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 11 និងស្បែក MIUI 12.5។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,420mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ផងដែរ។ ប៉ុន្មានថ្ងៃនេះ ស្មាតហ្វូន Redmi K40 Series នេះ គឺទទួលបាននូវការចុះឈ្មោះកក់ទិញចំនួន 230,000 គ្រឿងហើយ។ ស្មាតហ្វូន Redmi K40 Pro គឺមានតម្លៃប្រហែលជា 2,999 yuan ៕