បន្ទាប់ពីស្ថានភាពកូវីដ 19 មានសភាពល្អប្រសើរជាងមុនបន្តិចមកឃើញថា ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន មានការកើនឡើងខ្លាំងមួយកម្រិតផងដែរ។ យោងតាមរបាយការណ៍ចុងក្រោយបំផុតចេញពី Counterpoint បានបង្ហាញថា ក្រុមហ៊ុន vivo បានយកឈ្នះក្រុមហ៊ុន OPPO នៅក្នុងការក្លាយជាម៉ាកយីហោស្មាតហ្វូនដែលធំបំផុតនៅក្នុងប្រទេសចិន។
សូមជំរាបថា កាលពីដើមខែមីនាកន្លងទៅនេះ តាមរបាយការណ៍ស្រងៀងគ្នានេះ គឺបង្ហាញថា ក្រុមហ៊ុន OPPO បានជាប់ចំណាត់ថ្នាក់លេខ 1 ជាលើកដំបូងបំផុតនៅក្នុងខែមករា ឆ្នាំ 2021 កន្លងទៅ។ នៅពេលនេះ ក្រុមហ៊ុន vivo បានយកឈ្នះក្រុមហ៊ុន OPPO វិញម្តង។ សម្រាប់ចំណុចខ្លាំងដែលនាំអោយក្រុមហ៊ុននេះ អាចយកឈ្នះគេបាននោះ គឺដោយសារតែវត្តមានរបស់ស្មាតហ្វូន vivo Y និង S។
គិតត្រឹមថ្ងៃទី 28 ខែមីនា ឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo បានជាប់ចំណាត់ថ្នាក់កំពូលនៅលើទីផ្សារដែលមានចំណែកទីផ្សារចំនួន 24% ខណៈពេលដែលក្រុមហ៊ុន OPPO គឺមានចំនួន 21% និងក្រុមហ៊ុន Huawei គឺមាន 15%។ បើធៀបទៅនឹងរបាយការណ៍ជាច្រើនកាលពីពេលមុននេះ យើងអាចដឹងថា ក្រុមហ៊ុន vivo គឺកើនឡើងចំណែកទីផ្សារ 4% ចាប់តាំងពីខែមករានេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន vivo ក៏មានម៉ាកយីហោ iQOO ខណៈពេលដែលចំណែកទីផ្សាររបស់ក្រុមហ៊ុន OPPO មិនមានការបូកបញ្ចូលគ្នាជាមួយនិងក្រុមហ៊ុន realme និង OnePlus ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួននោះទេ។ សម្រាប់ចំណែកទីផ្សាររបស់ Huawei វិញនោះ ក៏មិនមានការបញ្ចូលនូវក្រុមហ៊ុន Honor ផងដែរ។ របាយការណ៍ដដែលនេះ បាននិយាយថា តួរលេខនៃការលក់របស់ក្រុមហ៊ុន vivo ចំនួន 76% កាលពីខែកុម្ភៈ ឆ្នាំ 2021 នេះ ភាពច្រើន គឺជាស្មាតហ្វូន 5G ៕