ក្រុមហ៊ុន Samsung នឹងប្រកាសចេញទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីជាច្រើនម៉ូដែលនៅត្រីមាសទី 3 ឆ្នាំ 2021 នេះ ដែលត្រូវបានគេដឹងថាមានដូចជា Galaxy Z Fold 3, Z Flip 2 និង Z Flip 5G ជាដើម។ ដោយឡែកក្នុងពេលនេះយើងទទួលបាននូវព័ត៌មានលម្អិតថ្មីចុងក្រោយមួយដែលបាននិយាយពីគុណសម្បត្តិសំខាន់មួយចំនួនដែលនឹងមានភ្ជាប់មកជាមួយកំពូលទូរស័ព្ទអេក្រង់ជំនាន់ថ្មីគឺ Galaxy Z Fold 3ដោយប្រភពព័ត៌មានថ្មីចុងក្រោយនេះគឺយើងទទួលបានពីស្ថាប័ន 3C របស់ចិនដែលបានចុះបញ្ចីអាជ្ញាប័ណ្ណបញ្ជាក់ពីការផលិតរបស់ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីនេះ។
បើតាមការបញ្ជាក់នៅលើបញ្ចីអាជ្ញាប័ណ្ណរបស់ស្ថាប័ន 3C បានបង្ហាញថា ទូរស័ព្ទអេក្រង់បត់ Galaxy Z Fold 3 គឺមានលេខកូដម៉ូដែល SM-F9260 និងមានបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W។ ជាងនេះទៅទៀត ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីនេះក៏នឹងភ្ជាប់មកជាមួយនឹងឆ្នាំងសាកដែលមានលេខកូដ EP-TA800 ដែលដូចគ្នានឹងលេខកូដនៅលើឆ្នាំងសាកជំនាន់ Galaxy Z Fold 2 ដែរ។
ស្ថាប័ន 3C ក៏ធ្លាប់បានបញ្ជាក់លើកមុនផងដែរថា Galaxy Z Fold 3 គឺមានថ្មចំនួន 2 គ្រាប់ដែលមួយគ្រាប់មានទំហំ 2,215mAh និងមួយគ្រាប់ទៀតមានទំហំ 2,060mAh សរុបមានទំហំ 4,275mAh ឬអាចមានទំហំធំជាងនេះគឺឡើងដល់ 4,400mAh។
យ៉ាងណាមិញបើតាមប្រភពព័ត៌មានចចាមអារាមដែលបានចុះផ្សាយនាពេលកន្លងមកបាននិយាយថា Samsung Galaxy Z Fold 3 នឹងបំពាក់នូវកំពូលឈីបនាគរាជ Snapdragon 888, មានអេក្រង់ខាងក្រៅតូចជាងជំនាន់មុនគឺត្រឹម 5.4 អ៊ីញ ទម្លាក់ពី 6.23 អ៊ីញនៅលើ Galaxy Z Fold 2 និងមានអេក្រង់ខាងក្នុងពេល Unfolded ទំហំ 7.5 អ៊ីញ និងប្រើនូវបន្ទះអេក្រង់ Ultra-Thin Glass ជំនាន់ថ្មីដែលអាច ទ្រទ្រង់ការចុចបញ្ជាជាមួយនឹងប៊ិក S-Pen ផងដែរ។ បន្ថែមពីនេះបើតាមប្រភពព័ត៌មានចុងក្រោយបាននិយាយថា Galaxy Z Fold 3 អាចនឹងជាទូរស័ព្ទអេក្រង់បត់ដំបូងគេក្នុងលោកដែលមានភ្ជាប់នូវបច្ចេកវិទ្យាការពារជ្រាបទឹក និងធូលីផងដែរ៕