ក្រុមហ៊ុន Apple មានគម្រោងក្នុងការផ្លាស់ប្តូរទៅលើការឌីស្សាញសម្រាប់កុំព្យូទ័រ MacBook Pro នាពេលខាងមុខរបស់ខ្លួន។ នៅក្នុងប៉ាតង់ថ្មីរបស់ក្រុមហ៊ុននេះទម្លាយថា កុំព្យូទ័រ MacBook Pro នេះ នឹងមានអេក្រង់ចំនួន 5 ។ នៅក្នុងប៉ាតង់នេះ គឺមានការអនុម័តដោយការិយាល័យកម្មសិទ្ធិបញ្ញាជាតិចិនរួចរាល់ហើយ កាលពីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 កន្លងទៅនេះ ហើយវាក៏មានការទម្លាយជាមួយនឹងរូបភាពមួយចំនួនផងដែរ។
បើមើលទៅលើការឌីស្សាញថ្មីនេះ ក្រុមហ៊ុន Apple គឺប្រើប្រាស់នូវអេក្រង់នេះ នៅលើផ្ទៃទំនេរដែលមាននៅក្បែរ Keyboard និង Trackpad ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានហៅបច្ចេកវិទ្យានេះថា “Dynamic Display Interface” ដែលមានភ្ជាប់ជាមួយនឹងអេក្រង់ចំនួន 4។ នៅក្នុងរូបភាពរបស់ប៉ាតង់នេះ គឺមានការទម្លាយថា អេក្រង់តូចៗនេះ គឺមានមុខងារជាអេក្រង់ Touch Bar រួមជាមួយនឹងការនាំយកនូវមុខងារជាច្រើនទៀតផងដែរ។
អ្នកប្រើប្រាស់អាចប្រើប្រាស់នូវមុខងារជាច្រើននៅលើអេក្រង់តូចៗនេះ ហើយវាពិតជាងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ បន្ថែមពីនេះទៀតនោះ សម្រាប់ Keyboard នេះក៏មានភាពច្នៃប្រឌិតថ្មីផងដែរ៕