ស្របពេលដែល MacBook Pro 2021 ជំនាន់ថ្មី បង្ហាញខ្លួនជាមួយនឹង Notch នៅផ្នែកខាងលើនៃអេក្រង់នោះ នៅពេលនេះ អ្នកទម្លាយព័ត៌មាន ដែលធ្លាប់បានបញ្ចេញនូវព័ត៌មាន Notch នៅលើអេក្រង់របស់កុំព្យូទ័រ MacBook Pro 2021 រូបនេះ ក៏បានអះអាងថា Apple MacBook Air 2022 ដែលបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ក៏នឹងមាន Notch នៅលើអេក្រង់ផងដែរ។
គាត់បានបន្ថែមថា សម្រាប់កុំព្យូទ័រ MacBook Air ជំនាន់ថ្មីនេះ នឹងមើលទៅមានការឌីស្សាញរូបរាងល្អប្រសើរជាង ហើយក្រុមហ៊ុននេះ ក៏មានផែនការក្នុងការផ្លាស់ប្តូររូបរាងនៃការឌីស្សាញផងដែរ។ ដូចនេះ សម្រាប់ MacBook Air នឹងមានទម្ងន់ស្រាលមែនទែនក្នុងការប្រើប្រាស់។ របាយការណ៍ផ្សេងទៀតទម្លាយថា សម្រាប់ម៉ូឌែល MacBook Air នឹងមានរូបរាងស្តើងជាងមុន និងមានគែម Bezel ស្តើងជាងមុនផងដែរ។
សម្រាប់ Notch នៅលើផ្នែកខាងលើនៃអេក្រង់នេះ គឺមិនមែនសម្រាប់ប្រើប្រាស់ជាមួយនឹង Face ID នោះទេ ប៉ុន្តែវានឹងមានការបំពាក់នូវ 1080p webcam, ambient light sensor និង indicator light ។ របាយការណ៍ថ្មីនេះអះអាងថា សម្រាប់ MacBook Air ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះនឹងមានអេក្រង់ Mini-LED។ កុំព្យូទ័រនេះ នឹងមានបន្ទះឈីប Apple M2 និង MagSafe magnetic power cable សម្រាប់សាកថ្មផងដែរ៕