បន្ទាប់ពីមានការកាត់បន្ថយការផលិតទៅលើ iPhone របស់ខ្លួនៅក្នុងប្រទេសចិន ដោយងាកមកប្រទេសឥណ្ឌាកាលពីឆ្នាំ 2020 មក នៅពេលនេះ Apple បានប្រកាសចេញនូវគម្រោងការនៃការផលិតទៅកាស AirPods និង Beats នៅប្រទេសនេះបន្ថែមទៀតហើយ។ យោងតាមសារព័ត៌មាន Nikkei របស់ជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុន Cupertino បានធធ្វើការងាររួចរាល់ជាមួយនិងក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងការផ្លាស់ប្តូរមកកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដើម្បីសម្រេចគោលដៅនាំចេញអោយបានទ្វរដង និងទាន់ពេលវេលានៅដំណាច់ខែមីនាឆ្នាំ 2023 ខាងមុខ។
ជាមួយគ្នានេះ បើតាមរបាយការណ៌ដែលចេញពីសារព័ត៌មាន កាលពីដើមសប្តាហ៌កន្លងទៅនេះ គឺបាននិយាយថា iPhone ដែលផលិតចេញពីរោងចក្រនៅប្រទេសឥណ្ឌា ដែលមានការនាំចេញទៅកាន់ទីផ្សារតំបន់អឺរ៉ុប និងតំបន់មជ្ឈឹមបូពា៍ កន្លងមក នោះគឺមានតម្លៃសរបដល់ទៅ $1 ប៊ីលានដុល្លារ ហើយជាមួយនិងការផ្លាស់ប្តូរថ្មី ក្រុមហ៊ុនបានរំពឹងថា នឹងមានការកើនឡើងដល់ទៅ $2.5 ប៊ីលានដុល្លារ ត្រឹមដំណាច់ខែមីនា ឆ្នាំ 2023។
អ្នកវិភាគនានាជឿជាក់ថា ការផ្លាស់ប្តូរទៅកាន់ប្រទេសឥណ្ឌានេះ គឺជារឿងមួយដែលល្អបំផុតសម្រាប់ក្រុមហ៊ុននេះ នៅក្នុងការចែកចាយផលិតផលមានស្ថិរភាព ដោយមិនពឹងផ្អែកទាំងស្រុងទៅលើការផលិតនៅប្រទេសចិនដូចរាល់ដង។ ហើយជាមួយនិងរឿងថ្មី ប្រទេសឥណ្ឌា ក៏នឹងប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីទាក់ទាញក្រុមហ៊ុនជាច្រើនទៀតមកផលិតផលនៅប្រទេសខ្លួនផងដែរ។