Snapdragon 8 Gen 4 ដែលជាបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm នោះ នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Snapdragon Summit 2024 ចាប់ពីថ្ងៃទី 24 ខែតុលាដល់ថ្ងៃទី 26 ខែតុលា។ បន្ទះឈីប Snapdragon 8 Gen 4 នេះ នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ Android ជំនាន់ថ្មី ដែលមានវត្តមាននៅនៅឆ្នាំនេះ នឹងឆ្នាំក្រោយ។ នៅក្នុងនោះក៏មានស្មាតហ្វូនថ្នាក់ប្រណិត Samsung Galaxy S25 និង Galaxy S25+ និងស្មាតហ្វូន Galaxy S25 Ultra សម្រាប់លក់នៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារជាច្រើនទៀតផងដែរ។
យោងតាមការបញ្ជាក់របស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន TF International បានអោយដឹងថា ការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប Snapdragon 8 Gen 4 នឹងចាប់ផ្តើមនៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះ។ ជាធម្មតា ការប្រកាសនូវបន្ទះឈីបដ៏ខ្លាំងក្លានេះអាចនឹងផ្តល់នូវភាពអស្ចារ្យជាច្រើនផងដែរ។ លោក Kuo បានព្យាករណ៍ថា បន្ទះឈីប Snapdragon 8 Gen 4 នេះ អាចនឹងមានតម្លៃខ្ពស់ជាងមុន 25%-30% ប្រៀបធៀបជាមួយបន្ទះឈីប Snapdragon 8 Gen 3 ដែលមានតម្លៃចន្លោះពី $190-$200។
ផ្អែកទៅលើការព្យាករណ៍របស់លោក Kuo នោះ បានអោយដឹងថា បន្ទះឈីបនេះ អាចនឹងមានតម្លៃចន្លោះពី $237.50 និង $260។ ប្រភពខាងលើនេះបន្តថា ហេតុផលនៃការកើនឡើងទៅលើតម្លៃនេះ គឺអាចនឹងដោយសារតែវិធីនៃការផលិតទៅលើបន្ទះឈីប Snapdragon 8 Gen 4 នេះ ពីព្រោះថា នេះគឺជាលើកដំបូងបំផុតដែលបន្ទះឈីប Snapdragon ដែលដំណើរការនូវ 3nm node របស់ក្រុមហ៊ុន TSMC។
ដូច្នេះផ្អែកលើព័ត៌មាននេះ នឹងធ្វើអោយស្មាតហ្វូន Galaxy S25 Ultra ដែលប្រើប្រាស់នូវបន្ទះឈីបនេះ នឹងមានតម្លៃខ្ពស់ជាងមុន។ បន្ទះឈីប Snapdragon 8 Gen 4 នេះ នឹងមានកម្រិត CPU Cores មានប្រសិទ្ធិភាពថាមពលថ្មតិចជាងមុន។ បន្ទះឈីប Snapdragon 8 Gen 4 នេះ គឺមាន 2x Phoenix CPU Cores និង 6x Phoenix CPU cores។ បន្ទះឈីប Snapdragon 8 Gen 4 SoC នេះ នឹងប្រកួតប្រជែងជាមួយនឹងបន្ទះឈីប MediaTek Dimensity 9400 ផងដែរ៕