កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Samsung System LSI បានធ្វើការផ្គត់ផ្គង់សិនស័រកាមេរ៉ាទៅអោយក្រុមហ៊ុនស្មាតហ្វូនជាច្រើន ប៉ុន្តែនៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple នៅមិនទាន់មានការប្រើប្រាស់នូវសិនស័រក្រុមហ៊ុននេះនោះទេ។ នៅថ្ងៃនេះ យោងតាមការចេញផ្សាយព័ត៌មានថ្មី ដែលជាប្រភបជឿជាក់ មកពីប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា នៅលើ iPhones នឹងមានការផ្លាស់ប្តូរឆាប់ៗនេះ។
បើតាមសេចក្តីរាយការណ៌ថ្មីរបស់ The Elec បានសសេរថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung System LSI សម្រាប់កាមេរ៉ាគោលរបស់ iPhone 16។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅ Cupertino នេះ ថ្មីៗនេះ គឺបានធ្វើការតេស្តទៅលើសិនស័ររូបភាពរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះហើយ។
របាយការណ៌ខាងលើបានបញ្ជាក់ទៀតថា ចំណុចសំខាន់ដែលក្រុមហ៊ុន Apple សម្រេចចិត្តប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មី Samsung សម្រាប់ iPhone 16 ជាជាងសិនស័រ Sony គឺមានពីរចំណុចសំខាន់។ ចំណុចទី 1 ថ្មីៗនេះ ក្រុមហ៊ុនផលិត iPhone នេះបានរកឃើញថា សិនស័រដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនជប៉ុនមួយនេះ មានបញ្ហាទៅលើការចាប់សញ្ញាច្បាស់លាស់ និងចំណុចទី 2 ក្រុមហ៊ុន Sony មិនអាចផ្គត់ផ្គង់សិនស័រសម្រាប់ក្រុមហ៊ុន Apple បានទាន់ពេលវេលា ដោយសារតែក្រុមហ៊ុនអាមេរិកាំងមួយនេះ មានការកំណត់ច្បាស់លាស់ទៅលើការផលិតស្មាតហ្វូនរបស់ខ្លួន។ ជាក់ស្តែងវត្តមានរបស់ iPhone 15 ក៏មិនទាន់ពេលដូចគ្នា។ ទាក់ទងជាមួយនិងការសម្រេចចិត្តប្រើប្រាស់សិនស័រថ្មីនៅលើ iPhone 16 នេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមនិយាយជាមួយ Samsung តាំងពីឆ្នាំមុនមកម្លេះ។
ប្រភពដដែលនេះបន្តថា សម្រាប់សិនស័រថ្មីរបស់ Samsung System LSI ដែលអភិវឌ្ឍសម្រាប់ iPhone 16 នេះ គឺមានការប្រើប្រាស់នូវ wafer stack ចំនួន 3 ស្រទាប់ ដោយស្រទាប់និយាយមួយ គឺមានការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាខុសៗគ្នា ក្នុងនោះមានដូចជា Photodiodes, Transistors និង Analog-Digital Converter logic។ ប្រៀបធៀបជាមួយនិងសិនស័រនៅលើ iPhones មុននេះ គឺមានការប្រើប្រាស់ត្រឹមតែ 2-wafer stack ដោយស្រទាប់ទីមួយ គឺជា Photodiodes និង Transistors ខណៈស្រទាប់មួយទៀត គឺជា Analog-Digital Converter Logic។