Build Your Dreams ឬ BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានសក្តានុពលមួយក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនកំពុងឈានមុខគេក្នុងទីផ្សារលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះ បានបើកដំណើរការរោងចក្រផលិតរថយន្តរបស់ខ្លួនជាច្រើននៅតាមបណ្តាប្រទេសជាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថ្មីៗមានលេចលឺព័ត៌មានថា BYD ក៏គ្រោងនឹងបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
ដោយឡែកសម្រាប់ព័ត៌មានថ្ងៃនេះវិញបាននិយាយថា BYD បើករោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសទួរគី។ បើយោងទៅលើប្រភពជិតស្និត និងដឹងពីកិច្ចពិភាក្សារវាងរដ្ឋាភិបាលប្រទេសទួរគី និង BYD គឺភាគីទាំងពីរនឹងសម្រួលដល់ការបើកដំណើរគម្រោងនៃការវិនិយោគថ្មីនេះនៅក្នុងខេត្ត Manisa។ ទោះជាយ៉ាងណាមិញកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទួរគី និង BYD មិនទាន់ដល់ការសម្រេចចុះហត្ថលេខាជាផ្លូវការណ៍នៅឡើយទេ ប៉ុន្តែ ប្រភពបញ្ជាក់ថាកិច្ចព្រមព្រៀងនេះបានបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ បន្ទាប់ភាគទាំងពីរបានបញ្ចប់នូវព័ត៌មានលម្អិតទាំងឡាយ។
ប្រទេសទួរគីបានប្រកាសពន្ធថ្មីសម្រាប់ការនាំចូលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិននៅដើមខែមិថុនា ប៉ុន្តែ ចាប់តាំងពីពេលនោះមកបានយល់ព្រមជាមួយរដ្ឋាភិបាលចិនដើម្បីបន្ទន់ជំហររបស់ខ្លួនលើពន្ធ ហើយជាថ្នូរនឹងក្រុមហ៊ុនចិននឹងចាប់ផ្តើមវិនិយោគលើផលិតកម្មក្នុងស្រុក។ រោងចក្រដែលបានគ្រោងទុករបស់ BYD នៅក្នុងប្រទេសនេះទំនងជាលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ។ រោងចក្រផលិតរថយន្តអគ្គិសនី BYD នឹងត្រូវចំណាយអស់ 1 ពាន់លានដុល្លារ ហើយទំនងជានឹងផ្តល់ឱ្យ BYD នូវភាពងាយស្រួលក្នុងការនាំចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប ដោយសារថា ទួរគី និងអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា។
ភាពជោគជ័យរបស់ BYD ក្នុងការផលិតរថយន្តអគ្គិសនី ឬ electric vehicle ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុមហ៊ុននេះកំពុងចាប់ផ្តើមជំរុញឱ្យមានការពង្រីករោងចក្រផលិតរបស់ខ្លួនជាសកល។ បច្ចុប្បន្ននេះ BYD បាននឹងកំពុងសាងសង់រោងចក្រផលិតនៅប្រទេសហុងគ្រី ដែលរោងចក្រថ្មីនេះអាចនឹងបើកដំណើរការនៅឆ្នាំ 2026 ហើយ BYD ក៏បានទិញយករោងចក្រមួយពីក្រុមហ៊ុន Ford ក្នុងប្រទេសប្រេស៊ីល និងកំពុងស្វែងរកការវិនិយោគបន្ថែមទៀតនៅប្រទេសម៉ិកស៊ិកផងដែរ៕