គណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិន គឺ Digital Chat Station បានធ្វើការទម្លាយចេញនូវគុណសម្បត្តិអេក្រង់ កាមេរ៉ា និងមួយចំនួនទៀតរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo គឺ vivo X200។ បើតាមការបង្ហោះនៅលើ Feed របស់គណនីខាងលើនេះ បានរៀបរាប់ថា vivo X200 នឹងបំពាក់នូវសែនស័រកាមេរ៉ាទំហំ 50MP ដែលជាសែនស័ររបស់ក្រុមហ៊ុន SONY រួមនឹងសែនស័រ Telephoto ដែលមានលទ្ធភាព Optical-zoom បាន 3x តែប្រភពមិនបានបញ្ជាក់ពីទំហំ និងស៊េរីសែនស័រនោះទេ។ លើគណនីដដែលនេះ បានបង្ហើបថា vivo X200 ក៏នឹងមានសែនស័រកាមេរ៉ាទីបីមួយគ្រាប់ទៀតផងដែរ សរុបទៅ គឺមានចំនួន 3 គ្រាប់។
DCS បានបន្ថែមទៀតថា vivo X200 ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ OLED កម្រិត 1.5K មានគែមអេក្រង់ស្តើង ហើយជាងអេក្រង់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតក្នុងស្រុក(ចិន)ថែមទៀតផង ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីទំហំនៃអេក្រង់ដែលត្រូវប្រើបំពាក់នៅលើ X200 នោះទេ។ បើតាមប្រភពព័ត៌មានដែលបានទម្លាយចេញមកនាពេលថ្មីៗនេះ បាននិយាយថា vivo X200 នឹងបំពាក់បច្ចេកវិទ្យាអេក្រង់រាប់ស្មើរ Flat-Screen ខណៈម៉ូដែល X200 Pro នឹងមានអេក្រង់កោងគែម Curved Display។
Vivo X200 Pro ត្រូវបានគេរំពឹងថា នឹងបំពាក់បច្ចេកវិទ្យាអេក្រង់កោងគែម Quad Curved-OLED Display ទំហំ 6.7-inch កម្រិតល្បឿន 120Hz refresh rate និងគាំទ្រកម្រិតបង្ហាញដល់ 1.5K ព្រមជាមួយការគាំទ្រនៅបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាព Ultrasonic fingerprint scanner ថែមទៀតផង។ ហើយម៉ូដែល X200 Pro នេះ ក៏នឹងបំពាក់នូវសែនស័រកាមេរ៉ា Periscope telephoto ទំហំធំដល់ 200MP និងគាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យាថ្មី BluePrint imaging technology ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់ ដែលមានរួមបញ្ចូលជាមួយនូវប្រព័ន្ធដូចជា BluePrint Imaging chip with True-TCG HDR technology support, BluePrint Algorithm Matrix, និងឈីប BluePrint imaging chips ជំនាន់ដំបូងផងដែរ។
Vivo X200 Series ត្រូវបានគេដឹងថា នឹងបំពាក់បន្ទះឈីបកំពូលជំនាន់ថ្មីរបស់ MediaTek គឺ Dimensity 9400 SoC ដែលបន្ទះឈីបកំពូលនេះត្រូវបានគេដឹងផងដែរថា នឹងប្រើ Core-CPU ជំនាន់ថ្មីចុងក្រោយ Cortex-X925 ជា Performance-core។ DCS ក៏បានបញ្ជាក់ថា vivo X200 Series នឹងបំពាក់នូវបច្ចេកវិទ្យាថ្មជំនាន់ថ្មីកម្រិតខ្ពស់ប្រភេទ silicon battery ប៉ុន្តែមិនបានបញ្ជាក់ពីទំហំនោះទេ។ vivo X200 Series ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅថ្ងៃនៃសប្តាហ៍ណាមួយក្នុងខែតុលា ឆ្នាំ 2024 នេះ៕