Canalys បានបញ្ចេញរបាយការណ៍ស្តីពីការនាំចេញស្មាតហ្វូននៅទូទាំងទីផ្សារសកលសម្រាប់ត្រីមាសទីពីរនៃ ឆ្នាំ 2024។ ក្នុងរបាយការណ៍របស់ Canalys បានបញ្ជាក់ថា សម្រាប់ការនាំចេញស្មាតហ្វូនសរុបនៅទូទាំងទីផ្សារសកលលោកក្នុងត្រីមាសទីពីរនៃឆ្នាំ 2024 គឺមានចំនួនសរុប 288.9 លានគ្រឿង ដែលធ្វើឲ្យកំណើនក្នុងការនាំចេញកើនឡើងប្រមាណ 12% ធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ 2023។
ក្រុមហ៊ុន Samsung នៅតែជាអធិរាជ្យក្នុងការនាំចេញ និងលក់ស្មាតហ្វូននៅលើទីផ្សារពិភពលោក។ ដោយក្នុងត្រីមាសទីពីរឆ្នាំ 2024 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូងមួយនេះបាននាំចេញស្មាតហ្វូនសរុបចំនួន 53.5 លានគ្រឿង គ្រប់គ្រងចំនែកទីផ្សារសរុប 18%។
ហើយស្មាតហ្វូនកំពូលរបស់ Samsung គឺជាអ្នកជម្រុញការបង្កើនប្រាក់ចំណូលឲ្យកើនឡើង។ ចំនែកក្រុមហ៊ុនបិតាបច្ចេកវិទ្យាសហរដ្ឋអាមេរិក Apple វិញ បាននាំចេញស្មាតហ្វូនបានចំនួន 45.6 លានគ្រឿង ជាអធិរាជ្យទីពីរបន្ទាប់ពី Samsung។ ទីផ្សារលក់ iPhone ដែលខ្លាំងបំផុត គឺនៅទីផ្សារអាមេរិកខាងជើង និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុន Xiaomi បានឈរនៅជាអធិរាជ្យទីបីបន្ទាប់ពី Samsung និង Apple ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិននេះ បាននាំចេញ និងលក់ស្មាតហ្វូនបានចំនួន 42.3 លានគ្រឿង។ Xiaomi ក៏បានឈរនៅលំដាប់កំពូលតារាងនៅក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌាក្នុងត្រីមាសទីពីរកន្លងទៅដោយកាន់កាប់ចំនែកទីផ្សារសរុបចំនួន 18%។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយផ្សេងទៀត គឺ vivo បានឈរនៅលំដាប់លេខ 4 ជាមួយការនាំចេញស្មាតហ្វូនបានចំនួន 25.9 លានគ្រឿង។ ចំនែក Transsion ដែលជាក្រុមហ៊ុនមេរបស់ Tecno និង Infinix បានឈរនៅលំដាប់លេខ 5 ដោយបាននាំចេញស្មាតហ្វូនចំនួន 25.5 លានគ្រឿង៕