ថ្មីៗនេះមានសេចក្តីរាយការណ៌ថ្មី បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនធំនៅក្នុងស្រុក ដែលមានដូចជា Huawei, Xiaomi និង Honor បាននឹងកំពុងមានការរីកចំរើនខ្លាំងមែនទែននៅលើស្មាតហ្វូនប្រទេសចិន ដោយថែមទាំងនាំមុខ Apple ដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកទៀតផង។ គិតត្រឹម 4 សប្តាហ៌ដំបូងនៃខែតុលា ក្រុមហ៊ុននេះ មានការកើនឡើង 11% នៅលើទីផ្សារប្រទេសចិន។
សម្រាប់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានត្រឡប់មកវិញជាមួយភាពខ្លាំង ដោយមានការកើនឡើងបាន 90% ប្រៀបធៀបជាមួយនិងឆ្នាំមុន តាមរយៈការបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate 60 series។ ជាមួយនិងវត្តមាន Mate 60 Pro គឺពិតជាធ្វើអោយហ្វេនៗនៅប្រទេសចិន មានការពេញចិត្តពេញថ្លើមខ្លាំងមែនទែន ដោយសារតែស្មាតហ្វូននេះបង្ហាញខ្លូនជាមួយបន្ទះឈីបក្នុងស្រុក ដែលមានភ្ជាប់នូវ 5G ស្របពេលដែលក្រុមហ៊ុនស្ថិតនៅក្រោមសម្ពាធនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅឡើយ។ ការរីកចំរើនពេកនេះ គឺមិនត្រឹមតែធ្វើអោយ Huawei មានកេរ្ត៍ឈ្មោះល្បីត្រឡប់មកវិញនោះទេ គឺថែមទាំងជុំរុញសម្រាប់ម៉ូដែលថ្មីបន្ទាប់ផងដែរ។
សម្រាប់ Xiaomi ត្រូវបានគេមើលឃើញថា មានការកើនឡើងបាន 33% នៅក្នុងរយៈពេលដូចគ្នា តាមរយៈនៃការដាក់លក់ស្មាតហ្វូន Xiaomi 14 Series ដែលជាម៉ូដែលថ្មីលំដាប់ថ្នាក់ប្រណិតរបស់ខ្លួន។ ម៉ូដែលថ្មីនេះ ពិតជាអស្ចារ្យខ្លាំងមែនទែនដោយ សារតែត្រឹមតែ 2 សប្តាហ៍ប៉ុណ្ណោះ គឺអាចលក់ចេញបានជាង 1 លានគ្រឿង។
ក្រឡេកមកមើល Honor វិញ ក៏មានការកើនឡើងផងដែរ គឺមានចំនួន 10%។ ការកើនឡើងនេះ គឺដោយសារក្រុមហ៊ុន Apple មានការលក់នៅលើទីផ្សារចិនមានការធ្លាក់ចុះជាងឆ្នាំមុន ដោយមានចំនួនត្រឹមតែ 12% ប៉ុណ្ណោះ។ បើទោះបីជាមានវត្តមានរបស់ iPhone 15 ក៏ដោយក្រុមហ៊ុន Apple ក៏នៅតែមិនអាចប្រជែងជាមួយនិងស្មាតហ្វូនដែលផលិតក្នុងស្រុកនោះទេ។