Reno 11 series គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលនឹងសម្ពោធជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី 23 ខែវិច្ឆិកាខាងមុខនេះហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន OPPO តាមរយៈរូបភាពផ្សព្វផ្សាយថ្មីបានបង្ហាញថា Reno 11 និង Reno 11 Pro គឺនឹងមានការបំពាក់នូវថាមពលថ្ម ដែលមានភាពធន់ និងមានសមត្ថភាពកាន់ថ្មបានយូរជាងជំនាន់មុន ហើយនិងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាសាកបញ្ចូលថ្ម extreme temperatures។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការផ្តល់នូវជូនការផ្លាស់ប្តូរថ្មសម្រាប់អ្នកដែលបានទិញ Reno 11 series បន្ទាប់ពីការប្រើប្រាស់ 4 ឆ្នាំ ថែមទៀតផង។
ក្រុមហ៊ុន OPPO បានប្រកាសថា អតិថិជនដែលជាវ Reno 11 series នឹងទទួលបាននូវអត្ថប្រយោជន៌នេះ ក្រោយពីការប្រើប្រាស់ស្មាតហ្វូនបាន 4 ឆ្នាំ។ ជាមួយនិងគម្រោងថ្មីនេះ ក្រុមហ៊ុននេះធ្លាប់បានផ្តល់ជូនសម្រាប់ម៉ូដែល OPPO A2 Pro 5G រួចមកហើយ។ សម្រាប់អតិថិជនដែលបានទីញ A2 Pro កន្លងមក ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយថា នឹងទទួលបាននូវការផ្លាស់ប្តូរថ្មជូន ប្រសិនបើថ្មនេះធ្លាក់ក្រោម 80% ក្នុងរយៈពេល 4 ឆ្នាំ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា ស្មាតហ្វូន Reno 11 series នឹងមានការប្រើប្រាស់កម្លាំងសាក 80W charging ថែមទៀតផង។
ផ្អែកតាមការទម្លាយកន្លងមក បានបង្ហាញថា Reno 11 នឹងបំពាក់នូវកម្លាំងសាក 67W charging ខណៈដែលម៉ូដែល Pro នឹងមានការបំពាក់នូវកម្លាំងសាក 80W charging។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា Reno 11 និង 11 Pro នៅតែអាចសាកបញ្ចូលថាមពលបាន បើទោះបីជាសីតុណ្ហភាពទាបជាង -20 អង្សាសេក៏ដោយ។
Reno 11 series នឹងដំណើរការនៅលើស្បែកមុខ ColorOS 14។ បើតាមការបង្ហាញនៅលើបញ្ជី Geekbench បញ្ជាក់ថា ស្មាតហ្វូន Reno 11 និង 11 Pro គឺនឹងរត់ជានៅលើស្បែកមុខ ColorOS 14 ផ្អែកលើ Android 14។ ស្បែកមុខ ColorOS 14 ថ្មីនេះ គឺមានការគាំទ្រនូវ Pantanal smart cross-end systems, AndesGPT និង ColorOS supercomputing platform ផងដែរ។ Reno 11 series ក៏នឹងមានការទ្រទ្រង់នូវ memory lossless compression ដែលអនុញាតអោយអ្នកប្រើប្រាស់អាចរក្សាទុកនូវ Space បានទំហំ 45GB ថែមទៀតផង។ Reno 11 នឹងបំពាក់នូវបន្ទះឈីប Dimensity 8200 ខណៈដែល Pro គឺប្រើប្រាស់បន្ទះឈីប Snapdragon 8 Plus Gen 1។ ក្រុមហ៊ុននេះ មិនបង្ហាញចេញម៉ូដែល Pro+ នោះទេឆ្នាំនេះ។