ក្រោយពីមានការទម្លាយព័ត៌មានអស់ជាច្រើនខែមក នៅទីបំផុត ក្រុមហ៊ុន Samsung បានចេកមកបញ្ជាក់ជាផ្លូវការអំពីការប្រកាសជាសកលទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នៅថ្ងៃទី 13 ខែឧសភា ឆ្នាំ 2025 ខាងមុខនេះហើយ។ ក្រុមហ៊ុននេះ បានប្រកាសថា ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រជាមួយនឹងសិនស័រ ISOCELL HP2 Sensor ហើយក៏មានការឌីស្សាញនូវរូបរាងស្លីមថែមទៀតផង។ សូមជំរាបថា ស្មាតហ្វូន Galaxy S25 Edge នេះ ក៏ធ្លាប់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលធ្វើឡើងនៅដើមឆ្នាំនេះផងដែរ។
នៅក្នុងរបាយការណ៍ជាច្រើនដែលបានចេញកាលពីមុននេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នឹងក្លាយជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុត និងស្រាលបំផុតរបស់ក្រុមហ៊ុន Samsung ដោយមានការឌីស្សាញជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 5.84mm ហើយនិងមានទម្ងន់ 162g ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានគែម Titanium Alloy Frame និងផ្នែកខាងក្រោយសេរ៉ាមិចជាមួយនឹងគែមស្តើងត្រឹមតែ Ultra-Thin កម្រិត 1.32mm ហើយនិងមានរន្ធកាមេរ៉ាមុខមួយគ្រាប់់សម្រាប់ Selfie ថែមទៀតផង។
ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនៅលើស្បែកមុខកម្មវិធី One UI 7 ផ្អែកនៅលើ Android 15, ហើយនឹងមានបំពាក់នូវបច្ចេកវិទ្យាថ្មី Samsung Galaxy AI tools ជាច្រើនទៀតរួមមានដូចជា Audio Eraser និង Auto Trim ជាដើម។ ស្មាតហ្វូននេះមានពណ៌ Titanium Jet Black, Titanium Silver និង Titanium Icy Blue ហើយតម្លៃរបស់ស្មាតហ្វូននេះនៅក្នុងទីផ្សារអ៊ឺរ៉ុបគឺចាប់ផ្តើមពី €1,249 សម្រាប់ទំហំ 256GB។ អតិថិជននៅសហរដ្ឋអាមេរិក អាចធ្វើការកក់ទិញស្មាតហ្វូននេះបានជាមួយនឹងការកក់ទឹកប្រាក់ 50$ ប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះ នឹងមានឈ្មោះថា “Beyond Slim” ដែលនឹងធ្វើការផ្សាយផ្ទាល់នៅជុំវិញពិភពលោកនៅម៉ោង 9:00 a.m. KST ។
គួរបញ្ជាក់ផងដែរថា អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកម្រិតពន្លឺ 2,600 nits brightness និងការពារដោយកញ្ចក់ Gorilla Glass Victus 2។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ជាមួយនឹងដំណើរការ 3nm និងល្បឿន 4.47GHz។ ស្មាតហ្វូននេះ ក៏នឹងមានបន្ទះការពារកំដៅ vapor chamber មានទំហំធំសម្រាប់ការគ្រប់គ្រងកំដៅបានយ៉ាងល្អផងដែរ។ ស្មាតហ្វូន Edge នេះនឹងទ្រទ្រង់នូវការអាប់ដេតបានដល់ទៅ 7 ឆ្នាំទៅលើ software ហើយក៏មានស្តង់ដារនៃការតភ្ជាប់ជាច្រើនទៀតដូចជា Wi-Fi 7, Bluetooth 5.4, USB-C 3.2 ផងដែរ។ ការលក់ស្មាតហ្វូននេះជាផ្លូវការគឺចាប់ផ្តើមពីថ្ងៃទី 30 ខែឧសភានេះ នៅក្នុងសហរដ្ឋអាមេរិក ហើយការផលិតគឺមានចំនួនត្រឹមតែ 40,000 គ្រឿងប៉ុណ្ណោះ៕