កាលពីប៉ុន្មានសប្តាហ៌មុននេះ មានការលេចធ្លាយនូវព័ត៌មានថា ក្រុមហ៊ុន Samsung បានបញ្ជូននូវ Demo របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុនខ្លួនទៅតាមហាងលក់រាយមួយចំនួនហើយ។ សម្រាប់ពេលនេះ មានការបែកធ្លាយរូបភាពថ្មីទៀតហើយ ទាក់ទងជាមួយនិងស្មាតហ្វូន Samsung Galaxy Z Fold7 នេះ ដោយ លើកនេះ គឺបានបង្ហាញពីរូបភាពបញ្ឈរស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ។
គួរបញ្ជាក់ថា មុននេះ ក្រុមហ៊ុន Samsung ធ្លាប់បានបញ្ជាក់រួចមកហើយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold7 ថ្មីនេះ នឹងមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលបំផុត។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយេនះ គឺមិនមានការបង្ហាញព័ត៌មានកម្រ៉ាស់ជាក់លាក់នោះទេ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវគេរំពឹងថា នឹងមានទំហំ 158.4x143.1x3.9mm។ សម្រាប់រូបភាពដែលគេទម្លាយចេញនេះ គឺបានបង្ហាញពីផ្នែកទាំងពីរនៃស្មាតហ្វូន ហើយនិងមានការបង្ហាញរន្ធ Speaker និង Microphone រួមជាមួយរន្ធ USB-C ជាដើម។
អ្វីដែលគេឃើញថា មានការអាប់ដែតច្បាស់នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺទៅលើបច្ចេកវិទ្យា AI។ ថ្មីៗនេះក៏មានការទម្លាយនូវមុខងារ AI នៅលើកាមេរ៉ារបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 ផងដែរ។ ហើយបើទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់ពីទំហំកាមេរ៉ានៅឡើយក៏ដោយ ក៏ស្មាតហ្វូនអេក្រង់បត់បាន Z Fold7 នេះ ត្រូវបានគេជឿជាក់ថា នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP។
ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold7 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានជាមួយនិង Galaxy Z Flip7, Z Flip7 FE រួមជាមួយនិងនាឡិកាឆ្លាតវៃថ្មី នៅទីក្រុងញូវយ៉ក នាថ្ងៃទី 13 ខែកក្កដាខាងមុខនេះហើយ ។