ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Nissan N7 មានការបញ្ជាទិញមុនចំនួនជាង 200,000 គ្រឿង ក្នុងរយះពេល 50 ថ្ងៃ បន្ទាប់ពីការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ Nissan N7 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 27 ខែមេសា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពីខ្ទង់ $14,000 ឡើងទៅ និងមានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា។
Nissan N7 គឺជាសមត្ថផលរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan និងក្រុមហ៊ុនចិន Dongfeng ហើយរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីនេះក៏ត្រៀមនាំចេញទៅដាក់លក់នៅទីផ្សារប្រទេសចិនផងដែរ។ រថយន្តអគ្គិសនី sedan ទំនើបស៊េរីថ្មីនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង 160kW និង 200kW ជាមួយកញ្ចប់ថ្មប្រភេទ lithium iron phosphate (LFP) ដែលមានជម្រើសទំហំដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 510km, 525km, 540km, 625km និង 635km។
Nissan N7 គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកភ្លើងពី 30% ទៅ 80% ចាយពេលខ្ទង់ 14 នាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ N7 ក៏អាចផ្គត់ផ្គង់កម្លាំងភ្លើង 6.6kW សម្រាប់ការប្រើប្រាស់ជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗបានថែមទៀតផង។
ក្រៅតែពីការឌីស្សាញរូបរាងឡើងប្រកបដោយភាពប្រណិតទាក់ទាញទាន់សម័យហើយ ឡានអគ្គិសនី Nissan N7 ក៏មានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំនើបខាងក្នុងកាប៊ីនទំហំ 15.6-inch គាំទ្រកម្រិតបង្ហាញ 2.5K ជាប្រភេទ Touchscreen គាំទ្រដំណើរការដោយប្រតិបត្តិការ NISSAN OS ជាមួយបន្ទះឈីប Snapdragon 8195P សម្រាប់ម៉ូដែល Entry-level និង Snapdragon 8295P សម្រាប់ម៉ូដែល Top Trim-level។
ជាមួយគ្នានេះនៅលើ Nissan N7 ក៏គាំទ្រនូវប្រព័ន្ធជំនួយការបើកបរ end-to-end driver assistance system ដែលជាការអភិវឌ្ឍន៍រួមគ្នារវាង Nissan និង Momenta ដែលប្រព័ន្ធនេះអាចឲ្យ N7 មានសមត្ថភាពក្នុងការបើកបរស្វ័យប្រវត្តិក្នុងកម្រិត advance Level 2+។
Nissan N7 មានបណ្តោយតួរខ្លួន 4.930mm/ទទឹង 1,895mm/កំពស់ 1,487mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,915mm។ បើតាមការបញ្ជាក់ អតិថិជនមានការបញ្ជាទិញ Nissan N7 ម៉ូដែល Max ច្រើនរហូតដល់ទៅ 60%។ Nissan N7 គឺជារថយន្តដែលទទួលបានការទីផ្សារចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុប្រទេសចិនចាប់ពីថ្ងៃដែលក្រុមហ៊ុន Dongfeng Nissan បានធ្វើការប្រកាសចេញរួចមក។ រថយន្តអគ្គិសនីជប៉ុនដែលផលិតនៅក្នុងប្រទេសចិនមួយនេះ ក៏ត្រៀមចេញវាយឡុកទីផ្សារជាច្រើនទៀតរួមទាំងទីផ្សារប្រទេសជប៉ុនផងដែរក្នុងពេលឆាប់ៗខាងមុខនេះ៕