នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មានការបែកធ្លាយជាច្រើននៅលើអនឡាញ និយាយអំពីស្មាតហ្វូនស៊េរីថ្មី POCO F7។ កន្លង មកជឿជាក់ថា គ្រប់គ្នាប្រាកដជាបានឃើញនូវការបែកធ្លាយជាច្រើន ដែលទម្លាយអំពីការឌីស្សាញ និងផ្នែក hardware របស់ស្មាតហ្វូននេះហើយ។ នៅក្នុងព័ត៌មានចុងក្រោយនេះ គឺមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះថែមទៀតហើយ ដោយព័ត៌មានថ្មីនេះត្រូវបានចែករំលែកចេញពីអ្នកទម្លាយមួយរូបដែលមានឈ្មោះថា Abhishek Yadav។
នៅក្នុងការបង្ហោះរបស់អ្នកទម្លាយរូបនេះបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី POCO F7 នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 25 ខែមិថុនាឆ្នាំ 2025 នេះហើយ។ អ្នកទម្លាយរូបនេះ ជឿជាក់ថា ការបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌា ក៏នឹងកើតឡើងនៅថ្ងៃដូចគ្នានេះដែរ។ ដូច្នេះប្រសិនបើនេះ គឺជាការពិតនោះ យើងនឹងឃើញស្មាតហ្វូនថ្មីនេះប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។ ស្មាតហ្វូន POCO F7 នឹងបង្ហាញខ្លួនជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន និងមុខងារជាច្រើនជាមួយនឹងតម្លៃយ៉ាងសមរម្យបំផុត។
នៅក្នុងរបាយការណ៍ថ្មីនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 4 SoC របស់ក្រុមហ៊ុន Qualcomm។ សម្រាប់ផ្នែលខាងមុខនៃស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.83-អ៊ីង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh rate និងបច្ចេកវិទ្យាអេក្រង់កម្រិត 3840Hz PWM dimming ហើយនឹងកម្រិតឆ្លើយតបអេក្រង់ 480Hz touch sampling rate ក៏ដូចជាកម្រិតពន្លឺ 3200 nits។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50MP Sony IMX882 និងគ្រាប់ទីពីរទំហំ 8MP ultra wide angle lens។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 20MP។
ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,500mAh ខណៈពេលដែលម៉ូឌែលនៅក្នុងប្រទេសឥណ្ឌាអាចនឹងមានថាមពលថ្មដល់ទៅ 7,550mAh។ សម្រាប់បច្ចេកវិទ្យាសាកថ្មលឿន គឺដូចគ្នាកម្លាំង 90W wired fast charging។ ស្មាតហ្វូននេះ ក៏បានបំពាក់នូវបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលី ហើយនិងប្រព័ន្ធប្រតិបត្តិការ Android 15 OS នៅលើ HyperOS 2.0, Wi-Fi 7 រួមជាមួយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ optical fingerprint scanner ផងដែរ៕