កាលពីខែមុននេះ មានដំណឹងថា ក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនអេក្រង់បត់បាន Foldable iPhone ទៅក្នុងដំណាក់កាលនៃគំរូ Prototype របស់ខ្លួនជាមួយនឹងអ្នកផ្គត់ផ្គង់ជាច្រើនរួចមកហើយ។ បើតាមការរាយការណ៍ពីក្រុមហ៊ុន DigiTimes បានអោយដឹងថា ការប្រកាសជាផ្លូវការណ៌អាចនឹងមកដល់នៅឆ្នាំក្រោយ។ តាមការបញ្ជាក់ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន បញ្ជាក់ទៅកាន់សារព័ត៌មាន DigiTimes បានអោយដឹងថា ក្រុមហ៊ុន Apple បានចាប់ផ្តើមដំណាក់កាលដំបូង Prototype 1 (P1) របស់ខ្លួននៅក្នុងខែមិថុនា។
ស្មាតហ្វូនថ្មីនេះ អាចស្ថិតនៅក្នុងគំរូនៃការតេស្ត Prototype នៅចុងឆ្នាំ 2025 នេះ ហើយបន្ទាប់មកដំណើរការនូវ Engineering Verification Test (EVT) នៅមុនការប្រកាសជាផ្លូវការនៅពាក់កណ្តាលឆ្នាំ 2026 នេះ។ សម្រាប់ជំហាន P1 នេះ នឹងបន្តជាមួយនឹងជំហាន P2 និង P3 មុនដំណើការជំហាន EVT ។ ដំណាក់កាលនីមួយៗប្រហែលជាចំណាយពេល 2ខែ។ នៅក្នុងពេលនេះ ដៃគូផ្គត់ផ្គង់ជាច្រើនរបស់ក្រុមហ៊ុន Apple ក៏ចាប់ផ្តើមដំណើរការសាកល្បងមុនដំណើរការនៃការតម្លើងទៅកាន់ក្រុមហ៊ុន Foxconn និង Pegatron ដែលជាអ្នកផ្តោតទៅលើការផលិត។
សម្រាប់ការអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន Foldable iPhone នៅពេលនេះ គឺបានចាប់ផ្តើមហើយ ខណៈពេលដែលដំណាក់កាល P1 ទៅកាន់ P3 នេះ អាចនឹងចំណាយពេល 1 ឆ្នាំមុនពេលដែលក្រុមហ៊ុន Apple ឈានដល់ដំណាក់កាល EVT, ការផ្ទៀងផ្ទាត់ទៅលើការឌីស្សាញ Design Verification Test (DVT) និងការផលិតទ្រង់ទ្រាយធំ Mass Production (MP)។
សូមជំរាបថា ស្មាតហ្វូន iPhone 17 ទើបតែបញ្ចប់ទៅលើដំណាក់កាល EVT របស់ខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Foldable iPhone ដំបូងបំផុតរបស់ក្រុមហ៊ុន Apple អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iPhone 18 នៅរដូវស្លឹកឈើជ្រុះនៅឆ្នាំ 2026 ខាងមុខនេះហើយ៕