នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung នៅថ្ងៃទី 9 ខែកក្កដានេះ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 និង Galaxy Z Flip7 ត្រូវបានគេទម្លាយព័ត៌មានថ្មីៗជាច្រើន។ ប្រសិនបើការបែកធ្លាយ គឺជាការពិតនោះ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញផងដែរ ហើយសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Z Fold 7 អាចនឹងក្លាយជាស្មាតហ្វូនប្រភេទ Book-style ដែលមានកម្រាស់ស្តើងបំផុតរបស់ពិភពលោកផងដែរ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Setsuna Digital នៅលើ Weibo បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 មានកម្រាស់ 8.9mm នៅពេលដែលបិទ និងកម្រាស់ 4.2mm នៅពេលដែលបើក ដែលកម្រាស់នេះ គឺដូចទៅនឹងស្មាតហ្វូនបត់បាន OPPO Find N5។ ថ្មីៗនេះវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Magic V5 របស់ក្រុមហ៊ុន Honor ក៏មិនស្តើងជាងស្មាតហ្វូន Z Fold7 ប៉ុន្មាននោះទេ។
សម្រាប់ស្មាតហ្វូន Z Fold7 គឺមានទម្ងន់ត្រឹមតែ 215g ដែលមានទម្ងន់ស្រាលជាងម៉ូដែលមុនដែលមានទម្ងន់ 239g។ ស្មាតហ្វូននេះបំពាក់នូវគែម Armor Aluminum frame របស់ក្រុមហ៊ុន Samsung និងផ្នែកខាងក្រោយជាប្រភេទកញ្ចក់សេរ៉ាមិច។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង និងអេក្រង់ខាងក្នុងមានទំហំ 8-អ៊ីង AMOLED ហើយអេក្រង់ទាំងពីរនេះមានកម្រិតល្បឿន 120Hz refresh rates ដូចគ្នា។
ស្មាតហ្វូនអេក្រង់បត់បាននេះ ដំណើរការនូវបន្ទះឈីប Snapdragon 8 Elite និងមានការបំពាក់នូវសិនស័រកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 12MP ultrawide គ្រាប់ទីបីមានទំហំ 10MP 3x telephoto។ សម្រាបកាមេរ៉ាខាងមុខមានទំហំ 10MP អាចថតបានជាមួយនឹងកម្រិត 100-degree field of view។ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវ Android 16 ជាមួយនឹង One UI 8.0 ហើយថែមទាំងអាចអាប់ដេតទៅលើ software ដល់ទៅ 7 ឆ្នាំថែមទៀតផង។
សម្រាប់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip7 នេះ នឹងមានកម្រាស់ស្តើងជាងមុន គឺនឹងមានកម្រាស់ត្រឹមតែ 13.7mm នៅពេលដែលបត់ និងបើកមានកម្រាស់ 6.5mm ដែលស្តើងជាងស្មាតហ្វូន Z Flip6 និងបំពាក់នូវថាមពលថ្មទំហំ4,300mAh រួមជាមួយនឹងអេក្រង់ខាងក្រៅ 4.1-អ៊ីង។ សម្រាប់អេក្រង់ខាងក្នុងមានទំហំ 6.9-អ៊ីងគាំទ្រជាមួយនឹង 21:9 aspect ratio, គែម 1.25mm bezels និងពន្លឺ 2,600 nits។ សម្រាប់ការ Pre-order ទៅលើស្មាតហ្វូននេះ គឺបានចាប់ផ្តើមហើយនៅលើវេបសាយរបស់ក្រុមហ៊ុន Samsung ដែលអ្នកអាចនឹងចំណេញដល់ទៅ $1,150 សម្រាប់ការកក់ទិញមុននេះ៕