
Galaxy S26 series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ Samsung គ្រោងនឹងប្រកាសចេញនៅឆ្នាំក្រោយនេះ នឹងមាន 3 ម៉ូដែលរួមមានដូចជា Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកាលពីពេលមុននេះ បានអោយដឹងថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបំពាក់នូវបន្ទះឈីប Exynos 2600 សម្រាប់ស្មាតហ្វូន Galaxy S26 Pro, Galaxy S26 Edge ខណៈដែលស្មាតហ្វូន Galaxy S26 Ultra និងប្រើប្រាសនូវបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm។
នៅថ្ងៃនេះ មានរបាយការណ៍ថ្មីមួយទៀតហើយថា ក្រុមហ៊ុន Samsung នឹងសម្រេចចិត្តប្រើប្រាស់នូវយុទ្ធសាស្រ្តបន្ទះឈីបចំនួន 2 សម្រាប់ម៉ូដែលថ្មីៗទាំងនេះ។ នៅក្នុងរបាយការណ៍ថ្មីមួយចេញពី Maeil Kyungjae បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបំពាក់នូវបន្ទះឈីប Exynos 2600 សម្រាប់ស្មាតហ្វូន Galaxy S26 Pro និង Galaxy S26 Edge ខណៈពេលដែលស្មាតហ្វូន Galaxy S26 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។

សម្រាប់ស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Exynos 2600 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ នឹងលក់នៅតំបន់អាស៊ី និងអ៊ឺរ៉ុប ខណៈពេលដែលបន្ទះឈីប Snapdragon 8 Elite Gen 5 នឹងផ្តោតទៅលើប្រទេសនៅប៉ែកខាងអាមេរិក។ នេះមានន័យថា ស្មាតហ្វូន Galaxy S26 និង Galaxy S26 Edge ក៏អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ផងដែរ ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy S26 Ultra ប្រហែលជាមិនអាចប្រើប្រាស់នូវបន្ទះឈីប Exynos 2600 នោះទេ។
តាមរបាយការណ៍ជាច្រើនអោយដឹងថា បន្ទះឈីប Samsung Exynos 2600 នឹងប្រើប្រាស់នូវដំណើរការ Samsung Foundry's 2nm Gate All Around (GAA) fabrication ដែលនេះ គឺជាបន្ទះឈីប 2nm ដំបូងបំផុតនៅលើទីផ្សារ។ អ្នកជំនាញជាច្រើនជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនឹងត្រឡប់មកប្រើប្រាស់នូវបន្ទះឈីប Exynos ដោយសារតែក្រុមហ៊ុននេះបានដោះស្រាយទៅលើបញ្ហាជាច្រើនកាលពីបន្ទះឈីបជំនាន់មុននេះ ហើយបន្ទះឈីបនេះនឹងទទួលបាននូវការគាំទ្រខ្លាំងនៅលើទីផ្សារផងដែរ។

ការបែកធ្លាយថ្មីៗនេះ ថែមទាំងបានទម្លាយថា បន្ទះឈីបថ្មីនេះ នឹងមានល្បឿនលឿនជាងបន្ទះឈីប flagship របស់ក្រុមហ៊ុន Qualcomm នៅក្នុងពេលបច្ចុប្បន្ននេះ Snapdragon 8 Elite។ សម្រាប់បន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm អាចនឹងផលិតដោយដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ៕




