
ក្រុមហ៊ុនផលិតស្មាតហ្វូន TECNO បានសម្រេចធ្វើការប្រកាសចេញផ្លូវការណ៍នៅសមត្ថិផលស្មាតហ្វូនអេក្រង់កោងកម្រាស់ស្តើងជាងគេបំផុតក្នុងលោកម៉ូដែល Tecno Slim នៅក្នុងព្រឹត្តិការណ៍ IFA2025។ Tecno Slim មានជម្រើសម៉ូដែល 4G ដែលមានកម្រាស់ត្រឹម 5.93mm និងម៉ូដែល 5G មានកម្រាស់ 5.95mm។
Tecno Slim បំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងប្រភេទ 3D-curved AMOLED displays និងមានទំហំថ្មធំដល់ 5,160mAh ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងតាមខ្សែកម្លាំង 45W Wired Fast Charging។ ទោះបីជាមានកម្រាស់ស្តើងក៏ពិតមែន ប៉ុន្តែ Tecno Slim ត្រូវបានទទួលស្គាល់នៅស្តង់ដារភាពធន់ រឹងមាំក្នុងការប្រើប្រាស់កម្រិត military-grade durability certification ថែមទៀតផង។
ផ្នែកខាងក្រោយរបស់ Tecno Slim ត្រូវបានក្រុមហ៊ុនធ្វើការស្រោបដោយសារធាតុកម្រិត 0.36mm aerospace-grade fiberglass back cover ដែលមានភាពធន់ខ្លាំងជាង 300% និងភាពរឹងមាំដល់ទៅ 200% ធៀបនឹងប្រភេទសារធាតុផ្សេងដែលប្រើស្តង់ដារទូទៅ។ នៅផ្នែកកញ្ចក់អេក្រង់ខាងមុខត្រូវបានស្រោបការពារដោយស្រទាប់កញ្ចក់ប្រភេទ Corning Gorilla Glass 7i ដែលធន់និងភាពកូសឆ្កូត និងធ្លាក់បានយ៉ាងល្អប្រសើរជាងកញ្ចក់ Gorilla Glass ទូទៅ។ បន្ថែមពីនេះ Tecno Slim ក៏មានប្រព័ន្ធការពារជម្រាស់ទឹកកម្រិតស្តង់ដារ IP64 ដែលមានការបញ្ជាក់ដោយស្តង់ដារ Military-Grade Shock Resistant ផងដែរ។

Tecno Slim បានប្រើប្រាស់កញ្ចប់ថ្មប្រភេទ high-density lithium cobalt oxide batter ដែលមានកម្រាស់ស្តើងត្រឹម 4.04mm ប៉ុណ្តោះ។ បើតាមការអះអាងពី Tecno បានបញ្ជាក់ថា ថ្មរបស់ Tecno Slim មានសមត្ថភាពក្នុងការសាកដល់ទៅ 2,000 ដង ហើយគុណភាពថាមពលថ្មស្ថិតនៅកម្រិត 80% ដែលគិតជាអាយុកាលប្រើប្រាស់ គឺបានរហូតដល់ទៅជាង 5 ឆ្នាំឯណោះ។
សាកថ្មពេញម្តងអាចប្រើប្រាស់កម្សាន្តទូទៅបានដល់ 28 ម៉ោង។ ជាមួយគ្នានេះ Tecno Slim ក៏មានស្រោបដោយប្រព័ន្ធបច្ចេកវិទ្យាបន្សាបកំដៅ advanced cooling system ដោយប្រើនូវប្រព័ន្ធ vapor chamber និង graphite layers ដើម្បីជួយទប់ស្កាត់ការឡើងកំដៅ និងជួយរក្សាស្ថិរភាពប្រព័ន្ធដំណើរការនៅតែរលូននៅពេលដំណើរការកម្មវិធីធំៗដូចជាដំណើរការកាមេរ៉ាថតរូប-វីដេអូ និងការលេងហ្គេម។
នៅលើម៉ូដែល Tecno Slim 4G បានប្រើបន្ទះឈីប MediaTek Helio G200 ខណៈម៉ូដែល Slim 5G បានប្រើបន្ទះឈីប MediaTel Dimensity 6400 5G+។ ស្មាតហ្វូននេះបំពាក់អេក្រង់កោងប្រភេទ Curved AMOLED Display កម្រិត 1.5K ល្បឿន 144Hz និងមានកម្រិតពន្លឺខ្ពស់បំផុតដល់ 4,500nits។

លើសពីនេះទៅទៀត Tecno Slim មានភ្ជាប់មកជាមួយមុខងារ TECNO AI ដូចជា real-time translation, AI-powered writing tools, Circle-to-Search និង Ella AI assistant ជាដើម។ Tecno Slim ដំណើរការដោយ HiOS នៅលើ Android 15, មានមុខងារ FreeLink connectivity និង NFC មកជាមួយផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃ និងថ្ងៃចេញលក់ផ្លូវការណ៍របស់ Tecno Slim ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕




