នៅពេលនេះ A19 Pro ដែលជាបន្ទះឈីបស៊េរីថ្មី ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នៅលើ iPhone ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple គឺបានទទួលនូវការចាប់អារម្មណ៍ខ្លាំងពីការតេស្ត Benchmark ដោយ លទ្ធផលដែលទទួលបាននោះ គឺបានបង្ហាញ ថា បន្ទះឈីបថ្មីនេះ អាចឈ្នះទៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm បានម។ បើធៀបជាមួយនឹងបន្ទះឈីប A18 Pro កាលពីឆ្នាំមននេះក្រុមហ៊ុន Apple ក៏មានការបង្កើនទៅលើកម្លាំងនៃ CPU កាន់តែប្រសើរជាងមុនផងដែរ។
នៅក្នុងលទ្ធផលនៃ Geekbench ខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro Max បំពាក់នូវបន្ទះឈីប A19 Pro ទទួលបានពិន្ទុចំនួន 4,019 ទៅលើការតេស្ត Single-Core និងពិន្ទុ 11,054 នៅទៅលើការតេស្ត Multi-Core។ ស្មាតហ្វូនថ្មីនេះ មានការបង្កើនល្បឿនលឿនជាងមុន 20% ប្រៀបធៀបជាមួយនឹងបន្ទះឈីប A18 Pro ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro Max។ នៅក្នុងការប្រើប្រាស់នូវដំណើរការ 3nm របស់ក្រុមហ៊ុន TSMC នេះ បន្ទះឈីបនេះ មិនត្រឹមតែបង្កើនទៅលើកម្លាំងម៉ាស៊ីននោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធិភាពខ្ពស់ជាងមុនថែមទៀត។
យោងតាមអ្នកទម្លាយ Digital Chat Station បានអះអាងថា បន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 ខាងមុខនេះ នៅលើស្មាតហ្វូនជាច្រើនដែលរួមមានស្មាតហ្វូន Xiaomi 17 Series និង iQOO 15 Series ដែលការតេស្តទៅលើ Single-Core គឺទទួលបានពិន្ទុ 3,393 និងពិន្ទុ 11,515 ទៅលើការតេស្តMulti-Core។
សូមជំរាបថា ក្រុមហ៊ុន Apple នៅតែមានភាពខ្លាំងក្នុងការឌីស្សាញទៅលើបន្ទះឈីប CPU របស់ខ្លួន។ ប្រភពខាងលើនេះបានបន្តថា ជាមួយនឹងវត្តមាននៃបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ការប្រកួតប្រជែងទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនអាចនឹងឈានទៅកម្រិតមួយកាន់តែខ្លាំងក្លាដែលនឹកស្មានមិនដល់៕