នេះគឺជាឡានអគ្គិសនីប្រភេទ Sedan កម្រិត Flagship ថ្មីរបស់ Toyota គឺម៉ូដែល Toyota BZ7 ដែលត្រូវបានចូលរួមសហការណ៍ផលិតដោយ ក្រុមហ៊ុន Toyota និង GAC ហើយបានប្រើប្រាស់បច្ចេកវិទ្យា Huawei និង Xiaomi ទៀតផង។ ឡានអគ្គិសនី Toyota BZ7 ថ្មីនេះ នឹងត្រូវចេញលក់នៅចុងឆ្នាំ 2025 នេះតែម្តង សម្រាប់ទីផ្សារប្រទេសចិន ខណៈតម្លៃផ្លូវការរបស់វា មិនទាន់ត្រូវបានបង្ហាញនោះទេ។
Toyota BZ7 ទំនងជាប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 278 HP ហើយប្រើកញ្ចប់អាគុយប្រភេទលីចូម (Lithium-iron Phosphate Battery) ពីក្រុមហ៊ុន CALB-Tech របស់រដ្ឋចិន ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបង្ហាញពីចម្ងាយបើកបរផ្លូវការរបស់វាឡើយ។ អ្វីដែលពិសេសនោះគឺ Toyota BZ7 បានបំពាក់ Powertrain ពីក្រុមហ៊ុន Huawei ដោយក្នុងនោះរួមមានទាំង ម៉ូទ័រ, MCU និង Inverter នៅក្នុងដុំ Unit តែមួយ ហើយក៏ប្រើប្រព័ន្ធប្រតិបត្តិការណ៍ HarmonyOS និង អេក្រង់កម្សាន្តរបស់ Huawei ផងដែរ។
លើសពីនេះទៅទៀត Toyota BZ7 បានបំពាក់ប្រព័ន្ធ Smart Ecosystem របស់ក្រុមហ៊ុន Xiaomi ដែលអាចតភ្ជាប់ឡាន ទៅកាន់ស្មាតហ្វូន និងឧបករណ៍ Smart Home របស់ក្រុមហ៊ុន Xiaomi ដែលអនុញ្ញាតឲ្យម្ចាស់ឡាន អាចគ្រប់គ្រងទៅលើឧបករណ៍ Xiaomi នៅក្នុងផ្ទះ ពីក្នុងឡានបានតែម្តង ដូចជា បញ្ជាបើកម៉ាស៊ីនត្រជាក់ផ្ទះពីក្នុងឡាន ជាដើម។
បើនិយាយពីរូបរាងវិញ ឡាន Toyota BZ7 មានការឌីហ្សាញទាន់សម័យ និងទំនើបតែម្តង ហើយបានបំពាក់ អំពូល Daytime Running Light LED រចនារាងដង្កៀបក្តាម និងទ្រវែងនៅផ្នែកខាងមុខ យ៉ាងទាក់ទាញ អមដោយតួខ្លួនបែបស្ព័រ ប្រើដៃទ្វារលិបចេញចូល និង ដំបូលរាងទាល ផងដែរ។ Toyota BZ7 មានប្រវែងតួខ្លួន 5.13m ទទឹង 1.96m កម្ពស់ 1.50m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.02m ធ្វើឲ្យទំហំរបស់វា ប្រហាក់ប្រហែលទៅនឹង Tesla Model S, BYD Han L និង BMW i5 ដែរ៕