
នៅទីបំផុត ក្រុមហ៊ុន Honor បញ្ជាក់ថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Magic 8 series របស់ខ្លួននៅក្នុងប្រទេស ចិន នាថ្ងៃទី 15 ខែតុលានេះជាមួយនឹងផលិតផលជាច្រើនទៀតផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល Honor Magic 8 និង Magic 8 Pro ហើយស្មាតហ្វូនទាំងពីរនេះ នឹងដំណើរការនូវស្បែកកម្មវិធី MagicOS 10 និងមានការផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 16 ទៀតផង។
ព្រឹត្តិការណ៍នេះ នឹងមិនត្រឹមតែមានការបង្ហាញចេញតែស្មាតហ្វូននោះទេ ក្រុមហ៊ុន Honor ក៏នឹងមានគម្រោងនៅក្នុងការបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា MagicPad 3, MagicPad 3 Pro, Magic Watch 5 Pro និងកាសស្តាប់ Earbuds 4 នៅក្នុងថ្ងៃតែមួយដូចគ្នា។

នៅក្នុងចំណោមផលិតផលទាំងនេះ មានដូចជា ថេប្លេត MagicPad 3 Pro នឹងក្លាយជាថេប្លេតដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm។ នេះគឺជាបន្ទះឈីប Flagship ដូចគ្នាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Magic 8 និង Magic 8 Pro អញ្ចឹងដែរ។ សម្រាប់ថេប្លេត MagicPad 3 ក៏មានពាក្យចចាមអារ៉ាមថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite chip ផងដែរ។

ស្មាតហ្វូន Honor Magic 8 Pro នេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Micro-Quad-Curved OLED ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 7,200mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 120W wired ហើយនិង 80W wireless fast charging។ សម្រាប់ស្មាតហ្វូន Pro នឹងមានកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ជាមួយនឹងមុខងារ OIS និងកាមេរ៉ា 50MP ultra-wide lens ហើយនិងកាមេរ៉ា 200MP Periscope Telephoto គាំទ្រជាមួយនឹង Optical Stabilization។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50MP ហើយនឹងមានពណ៌ Rising Sun Gold, Azure, Snow White និង Velvet Black។

សម្រាប់ស្មាតហ្វូន Magic 8 មានអេក្រង់រាបស្មើរទំហំ 6.58 អ៊ីងទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 7,000mAh ហើយនិងបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging។ ស្មាតហ្វូននេះ មិនមានបច្ចេកវិទ្យា wireless charging នោះទេ ថែមទាំងមានកាមេរ៉ាគោលទំហំ 50MP និង 50MP ultra-wide ហើយនិងមានទំហំ 200MP periscope telephoto lens។ សម្រាប់ពណ៌របស់ស្មាតហ្វូន Magic 8 គឺមានពណ៌ខ្មៅ ស ខៀវស្រាល និងមាស៕





