
នៅទីបំផុត ក្រុមហ៊ុន Motorola បានបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការរបស់ស្មាតហ្វូនប្រណិតមានរូបរាងស្តើងរបស់ខ្លួនហើយ។ ស្មាតហ្វូនជំនាន់ថ្មី Edge 70 នឹងបង្ហាញខ្លួននៅដើមខែក្រោយនេះ ជាមួយនឹងរូបរាងស្តើងដែលអាចនឹងក្លាយជាស្មាតហ្វូនដ៏ស្តើងបំផុតរបស់ក្រុមហ៊ុន Motorola ទៀតផង។ គួរបញ្ជាក់ថា បន្ទាប់ពីមានការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនរួចមក នៅពេលនេះ លើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ បានបញ្ជាក់អំពីកាលបរិច្ឆេទផ្លូវការរបស់ស្មាតហ្វូន Edge 70 ហើយ។
ស្មាតហ្វូនដែលមានកម្រ៉ាស់ 6mm របស់ក្រុមហ៊ុន Motorola នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2025 នេះ។ វត្តមាននេះ បានបង្ហាបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនរូបរាងស្លីមនេះ នឹងក្លាយជានិន្នាការថ្មីដូចទៅនឹងស្មាតហ្វូន Galaxy S25 Edge និង iPhone Air។ ដូចនេះ ក្រុមហ៊ុន Motorola អាចនឹងក្លាយជាម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោជាច្រើន ដែល មាន ការឌីស្សាញរូបរាងស្តើងសម្រាប់ប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលមានលក់នៅលើទីផ្សារ។
.jpg)
ផ្អែកទៅលើអ្វីដែលយើងបានដឹងរហូតមកទល់ពេលនេះ ក្រុមហ៊ុន Motorola នឹងបញ្ចេញស្មាតហ្វូន Edge 70 ដែលមាន 3 ពណ៌គឺ Bronze Green, Gadget Gray និង Lily Pad។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 50MP (2.0µm pixel និង OIS) និង Ultra-Wide Angle Lens។ នៅមិនទាន់ច្បាស់នោះទេអំពីកាមេរ៉ាទី 3 របស់ស្មាតហ្វូននេះថា គឺជា Telephoto ឬ Depth/Macro Sensor។ ស្មាតហ្វូន Motorola Edge 70 នេះ អាចនឹងក្លាយជា Moto X70 Air ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែនេះ។
.jpg)
ស្មាតហ្វូនEdge 70 របស់ក្រុមហ៊ុន Motorola នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះ នឹងបំពាក់នូវ Dolby Atmos Tuned Stereo Speakers, 12GB RAM និង 512GB Storage ។ ខុសប្លែកពីស្មាតហ្វូន Galaxy S25 Edge និង iPhone Air នោះ ស្មាតហ្វូន Edge 70 នៅមិនទាន់ជាស្មាតហ្វូន Flagship នោះទេ៕





